ក្មេងប្រុសអាយុ៨ឆ្នាំ និងក្រុមគ្រួសារត្រូវគេបាញ់សម្លាប់នៅភាគខាងត្បូងប្រទេសថៃ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៧

ប៉ូលិសនិយាយថាពួកក្រុមឧទ្ទាមដែលភាគច្រើនជាជនជាតិម៉ូស្លីមនៅភាគខាងត្បូងប្រទេសថៃបានបាញ់ប្រហារបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ដែលក្នុងនោះមានក្មេងម្នាក់ និងក្មេង២នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍នេះ។ ហេតុការណ៍បាញ់ប្រហារនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងមួយសម្រេចជាមួយនឹងរដ្ឋាភិបាលរបស់ប្រទេសថៃក្នុងការបង្កើតតំបន់សុវត្ថិភាពមួយ។ ក្រុមបះបោរដែលមានអាយុកាលជាង១០ឆ្នាំមកហើយនេះភាគច្រើនជាជនជាតិម៉ូស្លីមដែលរស់នៅតាមបណ្តាខេត្តជាច្រើនដូចជា Yala Pattani និង​ Narathiwat ដែលគេដឹងថាបានសម្លាប់មនុស្សប្រមាណជា៦៥០០នាក់ចាប់តាំងពីឆ្នាំ២០០៤ នេះបើតាមការបញ្ជាក់របស់ក្រុមឃ្លាំមើលឯករាជ្យ Deep South Watch។ លោកវីរសេនីយ៍ឯក Ruangsak Buadang បញ្ជាក់ថាក្រុមឧទ្ទាមបានបាញ់ប្រហារទៅលើរថយន្ត Pick-up នៅក្នុងភូមិ Rueso ក្នុងខេត្ត Narathiwat កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នៅក្នុងរថយន្តនេះមានប្តី ប្រពន្ធ បងថ្លៃស្រី កូនប្រុសអាយុ៨ឆ្នាំ និងក្មេង២នាក់ទៀតដែលមានគោលដៅទៅសាលារៀន។ លោក Ruangsak ប្រាប់សារព័ត៌មាន Reuters ទៀតថា “យើងមិនទាន់បានដឹងអំពីចំនួនរបស់ពួកឧទ្ទាមទាំងនោះទេគ្រាន់តែការបាញ់ប្រហារនេះបានសម្លាប់មនុស្ស៤នាក់ និងក្មេង២នាក់ទៀតរងរបួស។ វាអាចជាការងាររបស់ពួកសកម្មប្រយុទ្ធដែលព្យាយាមញុះញង់ឱ្យមានការបះបោរ។ ទម្លាប់របស់ពួកឧទ្ទាមកំណត់គោលដៅទៅលើមន្រ្តីរដ្ឋាភិបាល គ្រូបង្រៀនសាលារដ្ឋ និងសហការីជាច្រើនទៀតដែលពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលនៃប្រទេសថៃ”៕