ប្រភពព័ត៌មានពី Independent ចុះផ្សាយថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៧
លោកស្រី Kellyanne Conway ជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតី Donald Trump និយាយថាលោក បារ៉ាក់ អូបាម៉ា បានលួចតាមដានប្រធានាធិបតី Trump តាមរយៈម៉ៃក្រូវ៉េវ (Microwave)។ ក្នុងបទសម្ភាសន៍ជាមួយ USA Today លោកស្រី Conway និយាយថាការលួចឃ្លាំមើលមានចំនួនច្រើនជាងការស្តាប់តាមខ្សែអាត់។ លោកស្រីបន្ថែមទៀតថា “អ្វីដែលខ្ញុំអាចនិយាយគឺវាមានវិធីជាច្រើនក្នុងការឃ្លាំមើលអ្នកណាម្នាក់។ អ្នកអាចតាមដានឃ្លាំមើលអ្នកណាម្នាក់បានតាមរយៈទូរស័ព្ទឬតាមរយៈទូរទស្សន៍របស់ពួកគេ ហើយវានៅមានវិធីជាច្រើនទៀត”។ លោកស្រីអះអាងថាការលួចតាមដានឃ្លាំមើលធ្វើឡើងតាមរយៈម៉ៃក្រូវ៉េវដោយប្រែក្លាយទៅជាកាមេរ៉ាបាន ហើយលោកស្រីនិយាយទៀតថា “យើងដឹងថារឿងនេះគឺជាការពិតសម្រាប់ជីវិតដ៏ទំនើបមួយនេះ”។ ជំនួយការជាន់ខ្ពស់អះអាងបែបនេះបន្ទាប់ពីមានការចោទប្រកាន់ថាលោកអូបាម៉ាលួចស្តាប់សំឡេងខ្សែអាត់របស់លោក Donald Trump នៅអំឡុងពេលបោះឆ្នោតប្រធានាធិបតី ខណៈដែលការចោទប្រកាន់នេះត្រូវច្រានចោលដោយលោកអូបាម៉ា។ លោក James Comey ប្រធានប៉ូលិស FBI ជម្រុញឱ្យនាយកដ្ឋានតុលាការជំទាស់ការអះអាងរបស់លោកប្រធានាធិបតី Donald Trump។ ជំនួយការសភាជាន់ខ្ពស់និយាយថា គណៈកម្មាធិការស៊ើបអង្កេតស្នើរទៅកាន់រដ្ឋបាលរបស់លោកប្រធានាធិបតី Trump ផ្តល់ភស្តុតាងដែលបង្ហាញថាសំឡេងខ្សែអាត់ត្រូវគេលួចស្តាប់នោះ។ លោក Arizona សមាជិកព្រឹទ្ធសភានិយាយថា “ខ្ញុំគិតថាប្រធានាធិបតីមានមួយក្នុងជម្រើស២៖ ទី១ អះអាងថាការលើកឡើងរបស់ខ្លួមិនមែនជាការពិត ឬ ទី២ ផ្តល់ព័ត៌មាននេះសម្រាប់ប្រជាជនអាមេរិកដែលចង់បានព្រោះថាប្រសិនបើអតីតប្រធានាធិបតីមុន (លោកអូបាម៉ា) ពិតជារំលោភច្បាប់មែន យើងមានបញ្ហាធ្ងន់ធ្ងរមួយនៅទីនេះ”។ លោក James Clapper ប្រធានក្រុមស៊ើបការណ៍សម្ងាត់មិននិយាយអ្វីពាក់ព័ន្ធទៅនឹងការលើកឡើងរបស់លោកប្រធានាធិបតី Trump នោះទេ។ គួរបញ្ជាក់ផងដែរ លោក Trump ក៏ស្នើទៅកាន់សភាស៊ើបអង្កេតពីរឿងនេះដែរ៕