អាមេរិកចោទប្រកាន់ទៅលើមន្រ្តី FSB រុស្ស៊ីពាក់ព័ន្ធការលួចជ្រៀតចូលគណនី Yahoo កាលពីឆ្នាំ២០១៤

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៧

នាយកដ្ឋាននៃក្រសួងយុត្តិធម៌ប្រកាសថាមន្រ្តី២នាក់របស់សហព័ន្ធសេវាកម្មសន្តិសុខរុស្សី (FSB) និងអ្នកលួចជ្រៀតចូលប្រព័ន្ធកុំព្យូទ័ររុស្ស៊ី២នាក់ផ្សេងទៀតរងការចោទប្រកាន់ពីការទម្លាយទិន្នន័យដ៏ធំរបស់ក្រុមហ៊ុន Yahoo ហើយការចោទប្រកាន់នេះមិនជាប់ពាក់ព័ន្ធទៅនឹងការការលួចជ្រៀតចូលក្នុងប្រព័ន្ធ DNC នោះទេ។ តុលាការនៅរដ្ឋ California ចោទប្រកាន់ទៅលើមនុស្ស៤នាក់នេះពាក់ព័ន្ធទៅនឹងការលួចជ្រៀតចូលក្នុងប្រព័ន្ធកុំព្យូទ័រអំពើចារកម្មសេដ្ឋកិច្ច និងបទល្មើសព្រហ្មទណ្ឌជាច្រើនទៀត។ នាយកដ្ឋាននេះចោទប្រកាន់ទៅលើជនជាប់ចោទទាំង៤នាក់នេះដោយចូលទៅដំណើរការទិន្នន័យល្មើសច្បាប់របស់អ្នកប្រើប្រាស់ (Subscribers) រាប់លាននាក់ចេញពីក្រុមហ៊ុន Yahoo, Google និងក្រុមហ៊ុនផ្គត់ផ្គង់ Webmail ជាច្រើនទៀត។ ក្នុងសន្និសីទកាសែតមួយជំនួយការស្តីទីអគ្គមេធាវីលោក Mary McCord និយាយថា “មន្រ្តី FSB ២នាក់ឈ្មោះថា Dmitry Dokuchev និង Igor Sushchin ជាអ្នកការពារ អ្នកដឹកនាំ អ្នកសម្របសម្រួល និងជួលពួកអ្នកលួចជ្រៀតចូលប្រព័ន្ធកុំព្យូទួរដើម្បីលួចប្រមូលទិន្នន័យចេញពីកុំព្យូទ័រក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត”។ McCord និយាយថាការចោទប្រកាន់ទៅលើទីភ្នាក់ងារ FSB ជនជាតិរុស្ស៊ី២នាក់នេះស្ថិតក្នុងនាមជាទីភ្នាក់ងាររបស់ពួកគេ។ កាលពីឆ្នាំ២០១៤ ទិន្នន័យ Yahoo របស់អ្នកប្រើប្រាស់ចំនួន៥០០លាននាក់ត្រូវទម្លាយចេញដែលក្នុងនោះមានទិន្នន័យអ្នកប្រើប្រាស់យ៉ាងហោចណាស់១៨នាក់របស់ក្រុមហ៊ុនផ្តល់សេវាកម្មរួមមានក្រុមហ៊ុន Google ផងដែរ។ ក្រុមហ៊ុន Yahoo ប្រកាសថាទិន្នន័យបែកធ្លាយនៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុនបានធ្វើការជាមួយអាជ្ញាធរអនុវត្តច្បាប់ ហើយជឿជាក់ថាការវាយប្រហារនេះមានការគាំទ្រដោយរដ្ឋ។ នាយកដ្ឋាននេះនិយាយទៀតថាប្រតិបត្តិការចាប់ផ្តើមយ៉ាងហោចណាស់នៅដើមឆ្នាំ២០១៤ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចចូលទៅដំណើរការទិន្នន័យនៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ហើយពួកគេបន្តប្រើប្រាស់ព័ត៌មានទាំងនេះរហូតដល់ខែធ្នូ។ ជាមួយគ្នានេះផងដែរលោក McCord និយាយនៅថ្ងៃពុធថាការចោទប្រកាន់ទៅលើការលួចជ្រៀតចូលប្រព័ន្ធ Yahoo នេះមិនជាប់ពាក់ព័ន្ធទៅនឹងការលួចជ្រៀតចូលប្រព័ន្ធរបស់គណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC) កាលពីឆ្នាំមុននោះទេ។ កាលពីមុនរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកចោទប្រកាន់ទៅលើប្រទេសរុស្ស៊ីដោយលួចជ្រៀតចូលបណ្តាញកុំព្យូទ័ររបស់គណបក្សប្រជាធិបតេយ្យ ហើយចោទប្រកាន់ទៀតថាទីក្រុង Moscow ប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ប៉ុន្តែការចោទប្រកាន់នេះត្រូវបាន Kremlin បដិសេធយ៉ាងខ្លាំងថាមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់។ លទ្ធផលនៃការលួចជ្រៀតចូលដែលទម្លាយអ៊ីម៉ែលចំនួន១៩​២៥២ និងឯកសារភ្ជាប់ចំនួន៨០៣៤ ចេញពី DNC។ ព័ត៌មាននេះត្រូវបានទម្លាយដោយគេហទំព័រ WikiLeaks នៅក្នុងខែកក្កដា ឆ្នាំ២០១៦ ។ បើទោះបីជាមានការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោនថាប្រទេសរុស្សីនៅពីក្រោយការលួចជ្រៀតចូលប្រព័ន្ធកុំព្យូទ័រនេះក៏មិនមានភស្តុតាងរឹងម៉ាំណាមួយអះអាងថាជាប់ពាក់ព័ន្ធទៅនឹងប្រទេសរុស្ស៊ីនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here