ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី 0៨ ខែ ឧសភា ឆ្នាំ២០១៧
ក្មេងស្រីជនជាតិប៉ាឡេស្ទីនម្នាក់ដែលមានអាយុ១៦ឆ្នាំត្រូវប៉ូលិសអ៊ីស្រាអែលបាញ់សម្លាប់បន្ទាប់ពីប៉ុនប៉ងវាយប្រហារដោយកាំបិតនៅឯ Damascus Gate ក្នុងទីក្រុងយេរ៉ូសាឡឹមកាលពីថ្ងៃអាទិត្យ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានរកឃើញថាក្មេងស្រីនេះមានឈ្មោះ Fatima Abed el-Rahman Hajiji មកពី Qarawat Bani Zeid ភាគខាងជើងនៃទីក្រុងរ៉ាម៉ាឡា។ អ្នកនាំពាក្យប៉ូលិសម្នាក់បានឲ្យដឹងថាក្មេងស្រីនេះដើរមកពីផ្លូវ Sultan Suleiman ឆ្ពោះទៅជណ្តើរ Damascus Gate។ នាងបានចូលទៅជិតប៉ូលិស និងកងកម្លាំងឆ្មាំព្រំដែនដែលឈរជើងនៅតំបន់នោះ ហើយបានដកកាំបិតមួយស្រែកថា “Allahu Akhbar” បន្ទាប់មកព្យាយាមវាយប្រហារទៅលើពួកគេ។ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា៧ល្ងាច ហើយពុំមានមន្រ្តីប៉ូលិសណាម្នាក់រងរបួសនោះទេ។ Damascus Gate គឺជាច្រកសំខាន់ដើម្បីចូលទៅទីក្រុងយេរ៉ូសាឡឹម និងជាកន្លែងធ្លាប់មានអំពើហិង្សារវាងប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអែល។ ក្រសួងការបរទេសប៉ាឡេស្ទីនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារនេះ៕