ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០១៧
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍នៅថ្ងៃសុក្រនេះថាមនុស្សរាប់ពាន់នាក់ស្លៀកពាក់សម្លៀកបំពាក់ចម្រុះបែបប្រពៃណីតម្រង់ជួរគ្នានៅលើដងផ្លូវក្នុងទីក្រុងព្យុងយ៉ាងដើម្បីស្វាគមន៍វីរៈបុរសក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមអ្នកធ្វើការទាំងអស់នៅពីក្រោយការបាញ់គ្រាប់មីស៊ីលចុងក្រោយគេបំផុតនៅកូរ៉េខាងជើង។ នៅក្នុងចំណងជើងធំរបស់កាសែត Rodong Sinmun ចុះផ្សាយថា “ប្រជាជនរីករាយស្វាគមន៍អ្នកចម្បាំងវិទ្យាសាស្រ្តការពារជាតិ”។ កាសែតនេះសរសេរកោតសរសើរទៅលើក្រុមអ្នកអភិវឌ្ឍគ្រាប់មីស៊ីលផ្លោង Hwasong-12 ដោយបង្ហាញទៅកាន់ពិភពលោកអំពី “កម្លាំងអនុភាពដ៏ខ្លាំងក្លានៃគ្រាប់នុយក្លេអ៊ែរ”។
ក្នុងរូបភាពទាំងអស់នេះបង្ហាញអំពីក្រុមអ្នកអភិវឌ្ឍរាប់រយនាក់ដែលស្លៀកសម្លៀកបំពាក់យោធា និងរូបសំណាករបស់មេដឹកនាំ Kim Il Sung និង Kim Jong Il នៅកណ្តាលរដ្ឋធានី។ អ្នកផ្សេងទៀតគ្រវីទង់ក្រហម និងផ្កាសិប្បនិម្មិតដើម្បីស្វាគមន៍ក្បូនដង្ហែររបស់ក្រុមអ្នកអភិវឌ្ឍកម្មវិធី។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យកូរ៉េខាងជើងបាញ់សាកល្បងគ្រាប់រ៉ូកែតចម្ងាយឆ្ងាយរបស់ខ្លួន ហើយវាគឺជាការបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍគ្រាប់មីស៊ីលឆ្លងទ្វីប (ICBM) ដែលមានសមត្ថភាពបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅទ្វីបអាមេរិកបាន៕