រាជធានីម៉ូស៊ូលត្រូវការប្រាក់៥០លានដុល្លារដើម្បីទទួលបានអគ្គិសនីឡើងវិញ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០១៧

យោងតាមការដកស្រង់សម្តីរបស់មន្រ្តីមូលដ្ឋានម្នាក់ដែលនិយាយកាលពីថ្ងៃចន្ទនេះថារាធានីម៉ូស៊ូលត្រូវការទឹកប្រាក់ចំនួន៥០លានដុល្លារសហរដ្ឋអាមេរិកដើម្បីបញ្ជូនអគ្គិសនីឡើងវិញទៅកាន់តំបន់ដែលរងការវាយប្រហារដោយសារសង្គ្រាម។ សារព័ត៌មាន Almaalomah បានដកស្រង់សម្តីលោក Hossam al-Abbar សមាជិកក្រុមប្រឹក្សាខេត្ត Nineveh ដែលនិយាយថាការធ្វើឲ្យស្ថានីយអគ្គិសនីអាចដំណើរការឡើងវិញបានគឺត្រូវការទឹកប្រាក់៥០លានដុល្លារដោយធ្វើការជួសជុលលើហេដ្ឋារចនាសម្ព័ន្ធទាំងមូល។ លោក Abbar ក៏បានចង្អុលបង្ហាញអំពីការខូចខាតទាំងស្រុងចំពោះសេវាកម្មទឹកក៏ដូចជាស្ពានសំខាន់ៗដែលតភ្ជាប់សងខាងនៃទីក្រុងដែលត្រូវកំទេចចោលដើម្បីរារាំងសមាជិករបស់ IS មិនឱ្យគេចខ្លួន។ លោកបានឲ្យដឹងទៀតថាការផ្តល់សំណងសម្រាប់ជនស៊ីវិលជាមួយនឹងអចលនទ្រព្យដែលរងការខូចខាតនៅតែជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អាជ្ញាធរ។ សង្គ្រាមប្រឆាំងនឹងក្រុម IS នៅរាជធានីម៉ុស៊ូលបានធ្វើឲ្យប្រជាជនប្រមាណជា៩០០,០០០នាក់ផ្លាស់ទីលំនៅចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការសន្តិសុខនៅក្នុងខែតុលា និងរហូតដល់ការប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃចន្ទសប្តាហ៍មុន។ ក្រៅពីការបាត់បង់អាយុជីវិតមនុស្ស សង្រ្គាមនៅរាជធានីម៉ូស៊ូល និងការប្រយុទ្ធគ្នានៅនឹងកន្លែងរបស់ពួកអ៊ីស្លាមដទៃទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មមូលដ្ឋានជាច្រើនទៀត។ ប្រទេសអ៊ីរ៉ាក់មានបំណងប្តឹងទៅម្ចាស់ជំនួយពិភពលោកដើម្បីឲ្យជួយធ្វើការជួសជុលទីក្រុងនានាដែលរងការខូចខាត។ គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនលោកស្រី Lise Grande អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់បានប៉ាន់ប្រមាណចំនួនទឹកប្រាក់ដែលត្រូវការសម្រាប់ការកសាងឡើងវិញនៃរាជធានីម៉ូស៊ូលដែលមានទឹកប្រាក់រហូតដល់ទៅជាងមួយពាន់លានដុល្លារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here