ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៧
មន្ត្រីម្នាក់និយាយកាលពីថ្ងៃសុក្រនេះថាខេត្ត Nineveh ត្រូវការធ្វើផ្ទះ១លានខ្នងសម្រាប់ជនស៊ីវិលដែលផ្ទះរបស់ពួកគេត្រូវបំផ្លាញចោលក្នុងអំឡុងពេលមានសង្គ្រាមប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ លោក Abdul-Karim Mohamed ប្រធានផ្នែកសេវាកម្មវិនិយោគរបស់ខេត្តនិយាយថាអាជ្ញាធរគ្រោងនឹងសាងសង់លំនៅដ្ឋាន១លានខ្នងដើម្បីជាជម្រកដល់ក្រុមគ្រួសារដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញនៅក្នុងប្រតិបត្តិការយោធា៨ខែកន្លងមកដែលទើបតែបញ្ចប់កាលពីខែមុនដោយបានកាន់កាប់ទីតាំងដ៏ធំជាងគេរបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់។ លោកបន្ថែមទៀតថាខេត្តនេះនឹងគាំទ្រដល់វិនិយោគិនក្នុងស្រុកដែលចង់ចូលរួមចំណែកក្នុងគម្រោងនេះ ហើយលោកបានឲ្យដឹងទៀតថាធនាគារ Real State របស់អ៊ីរ៉ាក់បានយល់ព្រមផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីដែលមានទឹកប្រាក់ចំនួន៧៥លាន IQD ទៅប្រជាជនដើម្បីជួយកសាងលំនៅដ្ឋានរបស់ពួកគេឡើងវិញ។ សង្គ្រាមប្រឆាំងនឹងក្រុម IS នៅក្នុងរាជធានីម៉ូស៊ូលបានធ្វើឲ្យប្រជាជនប្រមាណជា៩០០,000នាក់ផ្លាស់ទីលំនៅចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការសន្តិសុខនៅក្នុងខែតុលា និងរហូតដល់ការប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធនៅដើមខែកក្កដានេះ។ ក្រៅពីការបាត់បង់មនុស្ស សង្រ្គាមនៅរាជធានីម៉ូស៊ូល និងការប្រឈមមុខដាក់គ្នានៅកន្លែងផ្សេងទៀតរបស់ពួកIS នៅក្នុងប្រទេសអ៊ីរ៉ាក់ក៏បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសំខាន់ៗផ្សេងទៀតផងដែរ។ គួរបញ្ជាក់ថានៅក្នុងខែកក្កដានេះលោកស្រី Lise Grande អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់បានប៉ាន់ប្រមាណចំនួនទឹកប្រាក់ដែលត្រូវការសម្រាប់ការកសាងរាជធានីម៉ូស៊ូលឡើងវិញគឺមានទឹកប្រាក់រហូតដល់ទៅ១ពាន់លានដុល្លារ៕
