បង្អួចរបស់ឧទ្ធម្ភាគចក្រយោធាសហរដ្ឋអាមេរិកធ្លាក់លើសាលារៀនក្នុងប្រទេសជប៉ុន

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៧

កងម៉ារីនអាមេរិកនិយាយថាខ្លួនសុំការអភ័យទោសចំពោះឧបទ្ទវហេតុដែលគួរឱ្យសោកស្តាយមួយទាក់ទងទៅនឹងការធ្លាក់បង្អួចរបស់ឧទ្ធម្ភាគចក្រយោធាសហរដ្ឋអាមេរិក CH-53E ដែលហេតុការណ៍នេះទំនងជាជំរុញឱ្យមានការប្រឆាំងទៅនឹងវត្តមានរបស់ពួកគេនៅក្នុងប្រទេសនេះ។ Japan Times រាយការណ៍ឱ្យដឹងថាបង្អួចទម្ងន់៨គីឡូក្រាមធ្លាក់ទៅលើទីលានក្មេងលេង (Playground) នៅម៉ោងប្រមាណជា១០:១៥នាទីព្រឹកចម្ងាយ៥ម៉ែត្រពីកន្លែងដែលសិស្សជាច្រើកំពុងហ្វឹកហាត់អប់រំកាយ។ របាយការណ៍មួយនិយាយថាសិស្សម្នាក់រងរបួសបន្តិចបន្តួចដោយសារតែដុំថ្មតូចៗដែលខ្ទាតដោយការប៉ះទង្គិចមួយនេះ ហើយវាមានសិស្សប្រមាណជា៥០នាក់កំពុងតែនៅទីធ្លាកន្លែងក្មេងលេងនោះ។ សាលាបឋមសិក្សានេះស្ថិតនៅទីក្រុង Ginowan ដែលមានទីតាំងស្ថិតនៅជាប់នឹងមូលដ្ឋានទ័ពអាកាសរបស់កងម៉ារីនសហរដ្ឋអាមេរិក។ សារព័ត៌មាន Kyodo News ដកស្រង់សម្តីពីអភិបាលក្រុង Okinawa លោក Takeshi Onaga និយាយថា “សុវត្ថិភាពរបស់កុមារគឺជារឿងត្រូវគិតមុនគេ។ វាមិនមែនជារឿងគួរឱ្យអត់អោនបានទេចំពេលដែលវាធ្លាក់នៅចំកណ្តាលទីលានក្មេងលេងនេះ”។ លោក Yoshihide Suga ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីនិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូថា “នេះមិនមែនជាអ្វីដែលគួរកើតឡើងនោះទេព្រោះវាបង្កការព្រួយបារម្ភដល់បុគ្គលិកនៅសាលារៀន និងប្រជាជននៅទីនេះ”។ យោធាអាមេរិកនិយាយថាខ្លួនកំពុងបើកការស៊ើបអង្កេតទៅលើរឿងនេះផងដែរ។ ឧបទ្ទវហេតុនេះកើតឡើងត្រឹមតែ២ខែបន្ទាប់ពីឧទ្ធម្ភាគចក្រយោធាអាមេរិកផ្ទុះឆេះនៅទីវាលមួយក្នុងក្រុង Okinawa។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshihide Suga និយាយថា “ឧប្បត្តិហេតុបែបនេះបណ្តាលឱ្យមានការព្រួយបារម្ភមិនត្រឹមតែក្នុងចំណោមប្រជាជននៅសាលារៀននោះទេ ប៉ុន្តែប្រជាជនទាំងអស់នៅទីក្រុង Okinawa និងរឿងនេះមិនគួរកើតឡើងទេ”។ មូលដ្ឋានអាកាស Futenma គឺជាប្រភពដ៏សំខាន់មួយនៃការមិនទុកចិត្តគ្នារវាងរដ្ឋាភិបាលកណ្តាលនៃប្រទេសជប៉ុន និងក្រុង Okinawa ស្តីពីកម្មវិធីផ្លាស់ប្តូរទីតាំងយោធាអាមេរិកដែលចុះហត្ថលេខារវាងក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ១៩៩៦។ អ្នកស្រុកចង់ឱ្យមូលដ្ឋានអាកាស Futenma បិទទ្វារ និងជំនួសដោយការសាងសង់នៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសជប៉ុនឬនៅក្រៅប្រទេសដោយនិយាយថាពួកគេមិនអាចរស់នៅជាមួយសំឡេងបំពុល និងគ្រោះថ្នាក់ម្តងម្កាលដែលប្រព្រឹត្តដោយសមាជិករបស់សហរដ្ឋអាមេរិកនោះទេ៕

N-Korea1 15-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here