ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០១៨
ក្រសួងការពារជាតិរុស្ស៊ីនិយាយថាយោធា២នាក់ស្លាប់ក្នុងការវាយប្រហារដោយគ្រាប់ផ្លោងទៅលើមូលដ្ឋានអាកាស Khmeimim របស់ប្រទេសរុស្ស៊ីនៅក្នុងខេត្ត Latakia ប្រទេសស៊ីរីកាលពីថ្ងៃទី៣១ ខែធ្នូព្រមទាំងបន្ថែមថារបាយការណ៍ដែលនិយាយថាយន្តហោះ៧គ្រឿងត្រូវកំទេចនោះគឺជា “ព័ត៌មានក្លែងក្លាយ”។ សារព័ត៌មាន Kommersant ឲ្យដឹងថាពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងនឹងក្រុមភេរវករបានធ្វើការវាយប្រហារមូលដ្ឋានអាកាស និងបំផ្លាញយន្តហោះយោធារុស្ស៊ីចំនួន៧គ្រឿងក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែក Su-24 ចំនួន៤គ្រឿងយន្តហោះចម្បាំង Su-35C ចំនួន២គ្រឿង និងយន្តហោះដឹកជញ្ជូន Antonov An-72 កាលពីថ្ងៃទី៣១ ខែធ្នូ។ របាយការណ៍នេះក៏បានអះអាងផងដែរថាមានយោធាជាង១០នាក់រងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់ផ្លោងនេះផងដែរ៕
