ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០១៨
ប្រភពសន្តិសុខមួយបាននិយាយថាមនុស្ស៥នាក់ស្លាប់ និងរងរបួសកាលពីថ្ងៃព្រហស្បតិ៍នេះនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកមួយស្ថិតនៅជិតហាងលក់កាហ្វេមួយកន្លែងក្នុងរដ្ឋធានីបាដាដ។ ប្រភពបានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Baghdad Today ឲ្យដឹងថាគ្រឿងផ្ទុះបានផ្ទុះឡើងនៅជិតហាងលក់កាហ្វេមួយកន្លែងស្ថិតនៅក្នុងតំបន់ Jisr Diyala ភាគខាងត្បូងរដ្ឋធានីបាដាដបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។ ប្រភពបានឲ្យដឹងទៀតថា កម្លាំងសន្តិសុខប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់កន្លែងកើតហេតុ និងបានដឹកសាកសពទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យខណៈដែលអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។ គួរបញ្ចាក់ថាអំពើហិង្សានៅក្នុងប្រទេសនេះបានកើនឡើងបន្ថែមទៀតស្របពេលការលេចឡើងនៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សប្រមាណជា៣លាននាក់ផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយក៏បានបណ្តាលឲ្យមនុស្សប្រមាណជា១១លាននាក់ត្រូវការជំនួយមនុស្សធម៌នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិដែលទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌។ រដ្ឋធានីក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានគេមើលឃើញថាមានការបំផ្ទុះគ្រាប់បែកស្ទើរតែរៀងរាល់ថ្ងៃ និងការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកសន្តិសុខ កងយោធា និងជនស៊ីវិលចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំដើម្បីកាន់កាប់ឡើងវិញលើតំបន់នានាដែលស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមរដ្ឋអ៊ីស្លាមកាលពីឆ្នាំ២០១៦។ ថ្វីបើភាគច្រើននៃការបំផ្ទុះគ្រាប់បែកដែលកើតឡើងស្ទើរតែរៀងរាល់ថ្ងៃគ្មានការអះអាងទទួលខុសត្រូវយ៉ាងណាក៏ដោយ ប៉ុន្តែរដ្ឋអ៊ីស្លាមបានប្រកាសថាភាគច្រើនពួកគេស្ថិតនៅពីក្រោយនៃការបំផ្ទុះគ្រាប់បែកទាំងនេះ៕
