ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu ប្រាប់លោកប្រធានាធិបតី Vladimir Putin ថាប្រព័ន្ធការពារ មីស៊ីលS-3០០និងគ្រឿងសព្វាវុធច្រើនទៀតជាច្រើនត្រូវប្រគល់ឱ្យយោធាស៊ីរីដើម្បីបង្កើនសន្តិសុខបុគ្គលិករបស់ប្រទេសរុស្ស៊ី។
លោក Shoigu មានប្រសាសន៍នៅថ្ងៃអង្គារថា លោកបញ្ចប់ការដឹកជញ្ជូនប្រព័ន្ធS-3០០ ។ លោកបន្ថែមថា គ្រឿងបរិក្ខារដែលផ្គត់ផ្គង់ដល់ស៊ីរីមានចំនួន៤៩គ្រឿងក្នុងនោះរាប់បញ្ចូលទាំងរ៉ាដា រថយន្តបញ្ជា និងប្រព័ន្ធបញ្ជាបាញ់គ្រាប់ចំនួន៤គ្រឿង។ ការដឹកជញ្ជូននេះមានបំណងការពារកងទ័ពរុស្ស៊ីក្នុងប្រទេសស៊ីរីក្រោយពីមានការធ្លាក់យន្តហោះឈ្លបយកការណ៍ រុស្ស៊ីនៅពាក់កណ្តាលខែកញ្ញា។
ការដឹកជញ្ចូនប្រព័ន្ធគ្រប់គ្រងដែនអាកាសក្នុងប្រទេសស៊ីរីនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២០ ខែតុលា នេះបើតាមប្រភពព័ត៌មាន Shoigu ប្រាប់ក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសរុស្ស៊ីនឹងរៀបចំនិងបណ្តុះបណ្តាលក្រុមនាវិកស៊ីរីដើម្បីប្រតិបត្តិការ S-3០០ ក្នុងរយៈពេល៣ខែ។
លោក Shoigu ធ្លាប់មានប្រសាសន៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរីនឹងត្រូវបំពាក់ដោយប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិដោយពីមុនគ្រាន់តែផ្គត់ផ្គង់ដល់តែយោធារុស្ស៊ីប៉ុណ្ណោះ។
ការពង្រឹងប្រព័ន្ធការពារស៊ីរីនឹងអាចទប់ស្កាត់ការរុករករបស់ផ្កាយរណប រ៉ាដា និងប្រព័ន្ធ ទំនាក់ទំនងរបស់យន្តហោះប្រយុទ្ធនៅលើសមុទ្រមេឌីទែរ៉ាណេ។ Shoigu បន្តថា កត្តានេះ នឹងធ្វើឱ្យគេព្រឺព្រួច និងបង្ការពួកគេពីទង្វើមិនត្រឹមត្រូវ ដែលធ្វើឱ្យអន្តរាយដល់កងទ័ពរបស់ រុស្ស៊ី ។