ប្រទេសបារាំងសម្លាប់មនុស្សចំនួន៧នាក់ក្នុងការវាយប្រហារប្រើយន្តហោះគ្មានមនុស្សបើក

0

ក្រសួងការពារជាតិបារាំងនិយាយថា ពួកគេវាយប្រហារប្រើដ្រូនប្រដាប់ដោយអាវុធដំបូង សម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធសង្ស័យចំនួន ៧នាក់នៅប្រទេសម៉ាលី។ សមាជិកសកម្មប្រយុទ្ធជីហាដនិយមដែលមានសម្ព័ន្ធមិត្តជាមួយក្រុមរដ្ឋអ៊ីស្លាម (IS ពីមុនជា ISIS) និងក្រុមអាល់កៃដាក្នុងចំណោមក្រុមដទៃទៀតធ្វើការវាយប្រហារ និងចាប់ជំរិតធំៗ នៅក្នុងតំបន់សាហេលអស់រយៈពេលជាច្រើនឆ្នាំ។ក្រុមអ្នកប្រយុទ្ធប្រើតំបន់នោះជាមូលដ្ឋានដើម្បីត្រៀមវាយប្រហារនៅតាមកន្លែងផ្សេងទៀតរួមទាំងនៅអឺរ៉ុបផងដែរ។ យោងតាមប្រភពសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបារាំងនៅថ្ងៃច័ន្ទបង្ហាញឱ្យដឹងថា ការវាយប្រហារចាប់ផ្តើមនៅថ្ងៃសៅរ៍។ កងកម្លាំងកុម្ម៉ង់ដូបារាំងរងគ្រោះពីការវាយប្រហាររបស់ក្រុមភេរវករមួយក្រុមដែលជិះម៉ូតូ ហើយយន្តហោះដ្រូន Reaper ត្រូវបានបញ្ជូនដើម្បីទៅជួយពួកគេ។ ការបញ្ជាក់ពីការវាយប្រហារធ្វើឡើងនៅរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីក្រសួងបញ្ជាក់ពីការសាកល្បងយន្តហោះដ្រូននៅមូលដ្ឋានទ័ពអាកាសNiamey ក្នុងប្រទេសនីហ្សេរីយ៉ា។  ប្រធានាធិបតី លោកអេម៉ានណូអែល ម៉ាក្រុនធ្វើដំណើរទស្សនកិច្ចនៅប្រទេសជិតខាងកូតឌីវ័រ ខណៈពេលធ្វើការវាយប្រហារនោះ។ ក្នុងទីក្រុងអាប៊ីចាននៅថ្ងៃទី២១ ខែធ្នូ លោកប្រកាសថា កងទ័ពបារាំង សម្លាប់ភេរវករចំនួន ៣៣នាក់ និងចាប់អ្នកទោសម្នាក់នៅកណ្តាលប្រទេសម៉ាលី និងដោះលែងមន្រ្តីប៉ូលិសម៉ាលីចំនួនពីរនាក់ដែលត្រូវភេរវករចាប់ជាចំណាប់ខ្មាំង។ ប្រទេសបារាំងចាប់ផ្តើមពង្រាយកងទ័ពក្នុងតំបន់សាហេលនៅឆ្នាំ២០១៣ ហើយក្នុងចំណោមកម្លាំងចំនួន ៤.៥០០នាក់ ទាហានបារាំងចំនួន ៤១នាក់ស្លាប់។ នៅរយៈពេលមុននោះ ធ្លាប់មានមនុស្សចំនួន ១៣នាក់ស្លាប់ក្នុងឧប្បត្តិហេតុតែមួយ ពេលដែលឧទ្ធម្ភាគចក្រចំនួន ២គ្រឿងបុកគ្នាក្នុងអំឡុងពេលធ្វើបេសកកម្មប្រយុទ្ធ។ វាគឺជាការបាត់បង់ដ៏ធំបំផុតតែមួយរបស់ទាហានបារាំងក្នុងរយៈពេលជាង ៣៥ឆ្នាំមកនេះ៕

ប្រភពព័ត៌មានRT ផ្សាយឡើងវិញថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here