ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យនេះបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់នាយករដ្ឋមន្រ្តីថ្មីរបស់អ៊ីរ៉ាក់គឺលោកMohammed Tawfiq Allawi និងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះការទាមទាររបស់រដ្ឋាភិបាលសម្រាប់កងកម្លាំងសហរដ្ឋអាមេរិកចាកចេញពីប្រទេសនេះ។ អ៊ីរ៉ង់មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយគណបក្សនយោបាយនិកាយស៊ីអ៊ីត និងពួកជីវពលជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ក៏ដូចជាគណបក្សឃឺដមកពីភាគខាងជើងផងដែរ។ ក្រុមមន្ត្រីអ៊ីរ៉ង់បានព្យាយាមប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដើម្បីរក្សាការអាណិតអាសូររបស់រដ្ឋាភិបាលចំពោះផលប្រយោជន៍របស់ពួកគេនៅក្នុងអំណាចនៅក្នុងរដ្ឋធានីបាដាដ។ ក្នុងការបន្តគាំទ្រឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងការពង្រឹងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅអ៊ីរ៉ាក់រួមជាមួយសំណូមពរស្របច្បាប់របស់រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ាក់ចំពោះការចាកចេញរបស់កងទ័ពអាមេរិកចេញពីទឹកដីនៃប្រទេសអ៊ីរ៉ាក់នោះ អ៊ីរ៉ង់ស្វាគមន៍ការជ្រើសរើសលោកMohammed Tawfiq Allawi ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ។ បើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការIRNA បានឱ្យដឹងថាលោកMousavi អតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ង់បាននិយាយថាអ៊ីរ៉ង់មានឆន្ទៈផ្តល់ជំនួយដែលចាំបាច់ដើម្បីជួយអ៊ីរ៉ាក់យកឈ្នះលើបញ្ហានានា និងឆ្លងកាត់ពេលវេលាដ៏រសើបមួយនេះ។ លោកAllawi បានអំពាវនាវដល់ប្រជាជនអ៊ីរ៉ាក់ឲ្យគាំទ្រដល់ពួកគេនៅប៉ុនម៉ានម៉ោងកាលពីថ្ងៃសៅរ៍បន្ទាប់ពីការតែងតាំងដោយប្រធានាធិបតីBarham Salih ប៉ុន្តែក្រុមអ្នកតវ៉ាបានច្រានចោលរូបគាត់រួចទៅហើយដោយលោកគ្រាន់តែជាបុគ្គលដែលត្រូវបានចាត់តាំងដោយឥស្សរជននយោបាយ។ គួររំលឹកថាសហរដ្ឋអាមេរិកបានសម្លាប់មេបញ្ជាការយោធាអ៊ីរ៉ង់ឧត្តមសេនីយ៍Qassem Soleimani នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងរដ្ឋធានីបាដាដកាលពីខែមុនដែលបានផ្តល់កម្លាំងចិត្តជាថ្មីដល់សម្ព័ន្ធមិត្តអ៊ីរ៉ង់នៅអ៊ីរ៉ាក់ដើម្បីអំពាវនាវឱ្យមានការដកកងទ័ពសហរដ្ឋអាមេរិកចេញពីទឹកដីអ៊ីរ៉ាក់៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០









