ភ្នាក់ងារព័ត៌មានរាយការណ៍ថា បទឈប់បាញ់មួយធ្វើឡើងនៅរវាងព្រំដែនប្រទេសអ៊ីស្រាអែល និងតំបន់ហ្គាហ្សានៅថ្ងៃអង្គារ ក្រោយពីមានការប្រយុទ្ធគ្នារយៈពេលពីរថ្ងៃរវាងអ៊ីស្រាអែល និងក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីន។ ព្រំដែនមានសភាពស្ងប់ស្ងាត់នៅព្រឹកថ្ងៃអង្គារ ក្រោយពីមន្រ្តីប៉ាឡេស្ទីនម្នាក់និយាយថា អ៊ីស្រាអែល និងជីហាដអ៊ីស្លាមឈានដល់ការធ្វើបទឈប់បាញ់គ្នា និងព្រមព្រៀងគ្នា ដែលទទួលបានការសម្របសម្រួលពីប្រទេសអេហ្ស៊ីប និងអង្គការសហប្រជាជាតិ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយថា ក្រុមជីហាដអ៊ីស្លាមបាញ់រ៉ុក្កែតចំនួន ៨០គ្រាប់ឆ្ពោះទៅសហគមន៍អ៊ីស្រាអែលនៅតាមបណ្តោយព្រំដែនហ្គាហ្សាចាប់តាំងពីថ្ងៃអាទិត្យមក។ អ៊ីស្រាអែលរាយការណ៍ថា ពួកគេវាយប្រហារលើទីតាំងនានានៅតំបន់ហ្គាហ្សា និងស៊ីរី សម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធចំនួន ៣ នាក់។មិនមានរបាយការណ៍ណាមួយបង្ហាញពីការស្លាប់ និងរបួសនៅភាគីអ៊ីស្រាអែលទេ ហើយគ្រាប់រ៉ុក្កែតជាច្រើនត្រូវបានស្ទាក់ដោយប្រព័ន្ធការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល។អំពើហឹង្សាកើតឡើងនៅរយ់ពេលមួយសប្តាហ៍មុនពេលមានការបោះឆ្នោតនៅប្រទេស អ៊ីស្រាអែល ដែលនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu កំពុងស្វែងរកសម្លេងក្នុង អាណតិ្តទី ៥ ក្រោយពីមានការបោះឆ្នោតពីរដងមានភាពមិនប្រកដប្រជា៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០









