នៅថ្ងៃអង្គារ កោះតៃវ៉ាន់បានរាយការណ៍ថា នេះជាលើកដំបូងដែលមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ។ អ្នកជំនាញផ្នែកសុខភាពបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កោះតៃវ៉ាន់ រួមទាំងផ្តល់ការណែនាំផងដែរនូវការត្រួតពិនិត្យលើអ្នកដំណើរដែលមកពីទីក្រុងWuhan វិញ។
ភ្នាក់ងារព័ត៌និយាយថា កោះនេះមានករណីឆ្លងជំងឺចំនួន៣៩៣ករណី ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ មានមនុស្សស្លាប់ចំនួន ៦នាក់។ ករណីឆ្លងសរុបមានចំនួន ៣៣៨នាក់ជាករណីនាំចូល ដែលគេសង្ស័យថា អ្នកទាំងនោះឆ្លងមកពីបរទេស។ លោក Chen Shih-chung រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រាប់អ្នកយកព័ត៌មានថា៖
“ ពិតណាស់យើងសង្ឃឹមថាវាបានកន្លងផុតទៅហើយ។ ប៉ុន្តែយើងនៅតែត្រូវការពារប្រជាជនរបស់យើង” ។
កោះតៃវ៉ាន់រាយការណ៍ថា បច្ចុប្បន្នពុំមានករណីឆ្លងថ្មីទេ។ សេចក្តីរាយការណ៍នេះធ្វើឡើង ក្រោយថ្ងៃទី៩ ខែមីនាមានចំនួនឆ្លងកើនឡើងមួយរយៈ ដោយសារមានមនុស្សឆ្លងមេរោគនៅអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក វិលមកលើកោះវិញ។ ចំនួនមនុស្ស ដែលសះស្បើយពីជំងឺ Covid-១៩ បានកើនឡើងដល់ចំនួន ១២៤នាក់។
ការរឹតត្បិតនៅតែបន្តអនុវត្តន៍នៅលើកោះ ដូចជាការដាក់ឱ្យនៅឯកាវេជ្ជសាស្ត្ររយៈពេល១៤ថ្ងៃសម្រាប់អ្នកដែលទើបទៅដល់កោះទាំងអស់ ហើយចំនួនជើងហោះហើរអន្តរជាតិបានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ កោះតៃវ៉ាន់មិនទាន់ដល់ដំណាក់កាលបិទទ្វារទាំងស្រុងទេ បើទោះបីជា រដ្ឋាភិបាលបានលើកកម្ពស់ឱ្យប្រជាជននៅឃ្លាតឆ្ងាយពីសង្គម និងតម្រូវឱ្យពាក់របាំងមុខរាល់ពេលប្រើប្រាស់មធ្យោបាយសាធារណៈ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០









