សកម្មប្រយុទ្ធសម្លាប់មនុស្ស ៥ នាក់ និងមានកម្មកររបួស៤នាក់

0

ជនជាតិអាហ្វហ្គានីស្ថានចំនួន ៥នាក់ត្រូវបានសម្លាប់ និងចំនួន ៤នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារទៅលើយានយន្តរបស់ពួកគេនៅខាងក្រៅមូលដ្ឋានទ័ពអាកាស Bagram ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ទីនោះជាទីតាំងរឹងមាំរបស់អាមេរិកនៅភាគខាងជើងនៃទីក្រុងកាប៊ុល។ គេមិនទាន់ស្គាល់អ្នកវាយប្រហារនៅឡើយទេ។

ការវាយប្រហារកើតឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ប្រហែលម៉ោង ១០យប់ម៉ោងក្នុងស្រុកនៅពេលដែលរថយន្តមួយគ្រឿងដឹកបុគ្គលិកទៅដល់ជិតមូលដ្ឋាន។ មន្ត្រីក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានថា ក្រុមអ្នកវាយប្រហារបានបើកការបាញ់រះលើរថយន្ត ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Parwan ដែលជាមូលដ្ឋានធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេស
អាហ្វហ្គានីស្ថាន និងជាទីស្នាក់ការជំនួយកណ្តាល។

លោក Esmat Mohmmadi សមាជិកក្រុមប្រឹក្សាខេត្ត Parwan ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមខ្មាន់កាំភ្លើងបានធ្វើការវាយប្រហារលើកម្មករដែលកំពុងជិះរថយន្តក្នុងតំបន់មូលដ្ឋានអាកាស Bagram នៅម៉ោងប្រហែលម៉ោង ១០យប់ដោយបានសម្លាប់មនុស្សចំនួន ៥នាក់ និងបណ្តាលឱ្យមនុស្សរបួសចំនួន៤នាក់។គេមិនស្គាល់អត្តសញ្ញាណក្មាន់កាំភ្លើងនៅឡើយទេ ហើយក៏មិនទាន់មានក្រុមណាមួយអះអាងពីការវាយប្រហារនេះដែរ។

មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ បើទោះបីមានរបាយការណ៍ជាច្រើនបានដាក់ការសង្ស័យទៅលើក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS) ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក៏ដោយ។ ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនបាន និងកំពុងជំរុញឱ្យរដ្ឋាភិបាលនៅទីក្រុងកាប៊ុលដោះលែងអ្នកទោសតាលីបង់ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងពួកសកម្មប្រយុទ្ធនៅថ្ងៃទី២៩ ខែកុម្ភៈ។

សន្ធិសញ្ញានេះមានគោលបំណងត្រួសត្រាយផ្លូវសម្រាប់ការដកកម្លាំងអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីអាមេរិកបានកាន់កាប់អស់រយៈពេលជិត ២០ឆ្នាំ និងបានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងកសាងប្រទេស។ ការដកកម្លាំងរបស់អាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានត្រូវបានគេសន្មតថា ស្ថិតក្នុងដំណើរការបណ្តើរៗ ដោយសហរដ្ឋអាមេរិកនៅតែបន្តគាំទ្រដល់រដ្ឋាភិបាលនៅទីក្រុងកាប៊ុលប្រឆាំងនឹងក្រុមភេរវករ និងក្រុមសកម្មប្រយុទ្ធដូចជា IS ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែខ្វះភាពជឿនលឿនក្នុងការអនុវត្តកិច្ចព្រមព្រៀង និងការបែងចែកអំណាចរវាងប្រធានាធិបតី Ashraf Ghani និងគូប្រជែងរបស់លោកគឺលោក Abdullah Abdullah ដែលភាគីទាំងពីរបានពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាល នាំឱ្យសហរដ្ឋអាមេរិកបានបញ្ឈប់ការផ្តល់ជំនួយចំនួន ១ពាន់លានដុល្លារពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅពីខែមុននេះ៕

ប្រភពព័តមានRT ផ្សាយឡើងវិញថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here