យោងតាមប្រព័ន្ធផ្សព្វផ្សាយដកស្រង់ព័ត៌មានពីប៉ូលិសបានឱ្យដឹងថា ការបាញ់ប្រហារមួយបានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នៅសង្កាត់ Neumarkt ក្នុងទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ យ៉ាងហោចណាស់មានមនុស្សចំនួនពីរនាក់រងរបួស ។
ប៉ូលិសបានបង្ក្រាប់ការបាញ់ប្រហារ និងបន្ថែមការល្បាតដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យភេទស្រី ដែលកំពុងតែរត់គេចខ្លួន។ នៅក្នុងស្ថានការណ៍គ្រោះថ្នាក់បែបនេះ សង្កាត់ Neumarkt ត្រូវបានបិទដំណើរ ហើយពលរដ្ឋត្រូវបានណែនាំឱ្យនៅឆ្ងាយពីទីតាំងកើតហេតុដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេ។
បណ្តាញផ្សព្វផ្សាយក្នុងតំបន់មួយចំនួនផ្សាយថា ស្ត្រីដែលរត់ភៀសខ្លួននោះជាស្ត្រីដែលកំពុងទទទួលបានការព្យាបាលចិត្តសាស្ត្រនៅក្នុងអគារនោះ។ វេជ្ជបណ្ឌិត អ្នកជំនួយការ និងអ្នកជំងឺផ្សេងទៀត កំពុងតែស្ថិតនៅក្នុងអគារជាមួយគ្នា នៅពេលដែលស្ត្រីម្នាក់នោះចាប់ផ្តើមបាញ់ប្រហារ។
ប៉ូលិសធ្វើការសន្និដ្ឋានថា ស្ត្រីមានបញ្ហាផ្លូវចិត្តរូបនោះបានរត់គេចខ្លួនទៅលាក់ខ្លួននៅក្នុងផ្ទះរបស់នាង។ ក្រុមការងារពិសេសេបានចូលទៅក្នុងផ្ទះរបស់នាង និងមួយសន្ទុះក្រោយមកទៀតក៏ឃាត់ខ្លួនស្ត្រីមានវ័យ៤៣ឆ្នាំនោះបាន។ ស្ត្រីនោះរូបនោះពុំបានប្រឆាំងនឹងការចាប់ខ្លួន។ តំបន់ Cologne ជាទីក្រុងប្រជុំទៅដោយមនុស្សមួយលាននាក់ ត្រូវបានគេសង្កេតឃើញថា មានករណីប្រើអំពើហិង្សាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗមកនេះ។
នៅឆ្នាំ២០១៩ ប៉ូលិសធ្លាប់បង្ក្រាបលើករណីបាញ់ប្រហាររបស់បុរសម្នាក់នៅក្នុងទីក្រុង ក្បែរស្ថានីយ៍រថភ្លើង។ ហេតុការណ៍នោះពុំបណ្តាលឱ្យមានជនរងគ្រោះនោះទេ ហើយជនសង្ស័យក៏ត្រូវក្រុមសមត្ថកិច្ចចាប់បានភ្លាមៗនៅពេលពួកគេទៅដល់កន្លែងកើតហេតុ៕
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០









