កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារដោយប្រើម៉ីស៊ីលកំណត់គោលដៅលើអ្នកប្រយុទ្ធនៅរដ្ឋធានី Damascus ក្នុងប្រទេសស៊ីរី។ ប្រតិបត្តិការនេះបានសម្លាប់អ្នកប្រយុទ្ធសរុបចំនួន០៥នាក់ និងសមាជិកក្រុមឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ម្នាក់។
អ្នកឃ្លាំមើលសង្គ្រាមម្នាក់បានរាយការណ៍នៅថ្ងៃអង្គារថា អ្នកប្រយុទ្ធសរុបចំនួន០៥នាក់ជាមួយសមាជិកក្រុមឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលទៅលើគោលដៅយោធានៅរដ្ឋធានី Damascus ក្នុងប្រទេសស៊ីរី។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយប្រហារប្រើគ្រាប់មីស៊ីលរបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើទីតាំងរបស់អ៊ីរ៉ង់នៅជាយក្រុងភាគខាងត្បូងនៃក្រុង Damascus នៅលើព្រំដែនរដ្ឋបាលនៅភាគខាងត្បូងខេត្ត Daraa ។
ក្រុមឃ្លាំមើលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា អ្នកប្រយុទ្ធចំនួន០៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ។
ភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ប្រព័ន្ធការពារអាកាសរបស់ប្រទេសស៊ីរីបានឆ្លើយតបទៅនឹងការវាយប្រហារមីស៊ីលរបស់កងកម្លាំងអ៊ីស្រាអែលទៅលើទីក្រុង Damascus នៅល្ងាចថ្ងៃចន្ទ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានចុះផ្សាយថា មីស៊ីលរបស់កម្លាំងអ៊ីស្រាអែលជាច្រើនត្រូវបានស្ទាក់ចាប់មុនពេលទៅដល់គោលដៅរបស់ពួកគេ។
យន្តហោះចម្បាំងរបស់ប្រទេសអ៊ីស្រាអែលថែមទាំងបានបើកការវាយប្រហាររបស់ពួកគេចេញពីតំបន់ភ្នំ Golan Heights។ តំបន់ភ្នំ Golan Heightsស្ថិតនៅក្រោមការកាន់កាប់របស់កងកម្លាំងអ៊ីស្រាអែល។
គួររំលឹកផងដែរថា ចំពោះវិបត្តិនៅស៊ីរី កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួនរាប់រយលើកប្រឆាំងនឹងគោលដៅអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីក៏ដូចជាធ្វើការវាយប្រហារលើក្បួនដឹកជញ្ជូនអាវុធទៅកាន់ក្រុមសកម្មប្រយុទ្ធ Shiite របស់ក្រុម Hezbollah ដែលជាកងជីវពលលីបង់ដោយត្រូវគេចោទថាជាកងជីវពលទទួលបានការគាំទ្រពីអ៊ីរ៉ង់។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០