យុទ្ធជន​គាំទ្រ​រដ្ឋាភិបាល ០៥នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​រប​ស់អ៊ីស្រាអែល​នៅ​រដ្ឋធានី​ប្រទេស​ស៊ី​រី

0

កងកម្លាំង​អ៊ីស្រាអែល​បានធ្វើការ​វាយប្រហារ​ដោយ​ប្រើ​ម៉ី​ស៊ី​ល​កំណត់​គោលដៅ​លើ​អ្នក​ប្រយុទ្ធ​នៅ​រដ្ឋធានី Damascus ក្នុងប្រទេស​ស៊ី​រី។ ប្រតិបត្តិការ​នេះ​បានសម្លាប់​អ្នក​ប្រយុទ្ធ​សរុប​ចំនួន០៥នាក់ និង​សមាជិក​ក្រុម​ឆ្មាំ​បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់​ម្នាក់។

អ្នកឃ្លាំមើល​សង្គ្រាម​ម្នាក់​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គា​រថា អ្នក​ប្រយុទ្ធ​សរុប​ចំនួន០៥នាក់​ជាមួយ​សមាជិក​ក្រុម​ឆ្មាំ​បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​អ៊ីស្រាអែល​ទៅលើ​គោលដៅ​យោធា​នៅ​រដ្ឋធានី Damascus ក្នុងប្រទេស​ស៊ី​រី។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​និយាយថា ការវាយប្រហារ​ប្រើ​គ្រាប់​មី​ស៊ី​ល​របស់​អ៊ី​ស្រាអែល​បានកំណត់​គោលដៅ​ទៅលើ​ទីតាំង​របស់​អ៊ីរ៉ង់​នៅ​ជាយក្រុង​ភាគខាងត្បូង​នៃ​ក្រុង Damascus នៅលើ​ព្រំដែន​រដ្ឋបាល​នៅ​ភាគខាងត្បូង​ខេត្ត Daraa ។

ក្រុម​ឃ្លាំមើល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា អ្នក​ប្រយុទ្ធ​ចំនួន០៧នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ។

ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ SANA បាន​រាយការណ៍​ថា ប្រព័ន្ធ​ការពារ​អាកាស​របស់​ប្រទេសស៊ី​រី​បាន​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​មី​ស៊ី​ល​របស់​កងកម្លាំង​អ៊ីស្រាអែល​ទៅលើ​ទីក្រុង Damascus នៅ​ល្ងាច​ថ្ងៃ​ចន្ទ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ស៊ី​រី​បាន​ចុះផ្សាយ​ថា មី​ស៊ី​ល​របស់​កម្លាំង​អ៊ីស្រាអែល​ជាច្រើន​ត្រូវបាន​ស្ទាក់ចាប់​មុនពេល​ទៅដល់​គោលដៅ​របស់​ពួកគេ។

យន្តហោះ​ចម្បាំង​របស់​ប្រទេស​អ៊ីស្រាអែល​ថែមទាំង​បាន​បើក​ការវាយប្រហារ​របស់​ពួកគេ​ចេញពី​តំបន់ភ្នំ Golan Heights។ តំបន់ភ្នំ Golan Heightsស្ថិតនៅក្រោម​ការកាន់កាប់​របស់​កងកម្លាំង​អ៊ីស្រាអែល។

គួរ​រំលឹក​ផងដែរ​ថា ចំពោះ​វិបត្តិ​នៅ​ស៊ី​រី កងកម្លាំង​អ៊ីស្រាអែល​បានធ្វើការ​វាយប្រហារ​តាម​អាកាស​ចំនួន​រាប់រយ​លើក​ប្រឆាំងនឹង​គោលដៅ​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី​ក៏ដូចជា​ធ្វើការ​វាយប្រហារ​លើ​ក្បួន​ដឹកជញ្ជូន​អាវុធ​ទៅកាន់​ក្រុម​សកម្មប្រយុទ្ធ Shiite របស់​ក្រុម Hezbollah ដែលជា​កងជីវពល​លី​បង់​ដោយ​ត្រូវគេ​ចោទថា​ជា​កងជីវពល​ទទួលបាន​ការគាំទ្រ​ពី​អ៊ីរ៉ង់។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here