ប្រទេសសូម៉ាលី៖ រដ្ឋាភិបាលបាននិយាយថា កងទ័ពជាតិសូម៉ាលីដែលហៅកាត់ថា (SNA) កាលពីព្រឹកថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣ បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប៦០នាក់ និងបង្ករបួសដល់ក្រុមភេរវករជាច្រើននាក់នៅក្នុងប្រតិបត្តិការរួមគ្នានៅក្បែរទីក្រុងហាលហ្កាន នៅកណ្តាលប្រទេសសូម៉ាលី។
មន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយដែលបានចេញផ្សាយនៅក្នុងទីក្រុងម៉ូហ្កាឌីស្យុថា ប្រតិបត្តិការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប និងមេបញ្ជាការរបស់ពួកគេដែលប្រមូលផ្តុំគ្នាឡើងវិញដើម្បីវាយប្រហារលើតំបន់មួយចំនួននៅភាគកណ្តាលប្រទេសសូម៉ាលី។
មន្ត្រីក្រសួងបាននិយាយថា “កម្លាំងទ័ពជាតិសូម៉ាលី និងកម្លាំងដៃគូអន្តរជាតិ បានបំផ្លាញមូលដ្ឋានក្រុមភេរវករ និងអាវុធជាច្រើននៅក្នុងតំបន់នោះ”។ កម្លាំងទ័ពនៅតែតាមចាប់ក្រុមភេរវករដែលរត់គេចខ្លួនពីកន្លែងកើតហេតុ។
ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបមិនបានបញ្ចេញមតិចំពោះប្រតិបត្តិការយោធាចុងក្រោយនោះទេ។
កម្លាំងរដ្ឋាភិបាលសូម៉ាលីគាំទ្រដោយបេសកកម្មសហភាពអាហ្វ្រិកនៅក្នុងប្រទេសសូម៉ាលី បានបណ្តេញក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបចេញពីទីក្រុងមូហ្កាឌីស្យុនៅឆ្នាំ២០១១ ប៉ុន្តែក្រុមភេរវករនៅតែមានសមត្ថភាពវាយប្រហារ ដោយកំណត់គោលដៅលើមូលដ្ឋានរដ្ឋាភិបាល សណ្ឋាគារ ភោជនីយដ្ឋាន និងទីតាំងសាធារណៈជាច្រើនផ្សេងទៀត៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣