Monday, September 21, 2026

ក្រុមហ៊ុន​យក្សផលិត​ប្រដាប់ក្មេងលេង​ Hasbro បង្ហើប​ពី​ការ​លួច​ទិន្នន័យ​ដែល​ប៉ះពាល់​ដល់​បុគ្គលិក

0

ក្រុមហ៊ុន Hasbro ដែលជាក្រុមហ៊ុនផលិតប្រដាប់ក្មេងលេង និងហ្គេមធំជាងគេមួយក្នុងពិភពលោក បានបង្ហាញថា ក្រុមចោរព័ត៌មានវិទ្យា (Attackers) បានលួចចូលប្រព័ន្ធ និងទទួលបានទិន្នន័យផ្ទាល់ខ្លួន ព្រមទាំងព័ត៌មានហិរញ្ញវត្ថុរបស់បុគ្គលិកខ្លួនមួយចំនួន។ ក្រុមហ៊ុនដែលបង្កើតឡើងតាំងពីឆ្នាំ ១៩២៣ និងចុះបញ្ជីក្នុងទីផ្សារហ៊ុន NASDAQ មួយនេះ ជាម្ចាស់ម៉ាកយីហោល្បីៗជាច្រើនដូចជា Monopoly, Nerf, Transformers, Play-Doh, Peppa Pig, Scrabble, Magic: The Gathering និង Dungeons & Dragons។

ថ្វីត្បិតតែ Hasbro បានដាក់លិខិតជូនដំណឹងអំពីការបែកធ្លាយទិន្នន័យទៅកាន់ការិយាល័យអគ្គរដ្ធអាជ្ញារដ្ឋ Massachusetts ក៏ដោយ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីចំនួនសរុបនៃអ្នករងផលប៉ះពាល់ ឬកាលបរិច្ឆេទពិតប្រាកដដែលបានរកឃើញឧប្បត្តិហេតុនេះឡើយ។ ក្រុមហ៊ុនបានឱ្យដឹងថា ទិន្នន័យដែលបែកធ្លាយរួមមាន៖ ឈ្មោះ, អ៊ីមែល, អាសយដ្ឋាន, លេខទូរស័ព្ទ, លេខអត្តសញ្ញាណប័ណ្ណ ឬព័ត៌មានហិរញ្ញវត្ថុរបស់បុគ្គលិក។

Hasbro breach listing on Mass AG site

ដើម្បីឆ្លើយតបនឹងបញ្ហានេះ Hasbro បានអនុវត្តវិធានការទប់ស្កាត់ និងដោះស្រាយជាបន្ទាន់ ដោយបានបិទគណនីបុគ្គលិកដែលរងការវាយប្រហារ បញ្ចប់ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងដំឡើងប្រព័ន្ធការពារបន្ថែម ដើម្បីទប់ស្កាត់កុំឱ្យមានការប្រព្រឹត្តបែបនេះនៅពេលអនាគត។ ទោះជាយ៉ាងណា ផ្អែកតាមរបាយការណ៍បែកធ្លាយទិន្នន័យឆ្នាំ ២០២៦ របស់អគ្គរដ្ឋអាជ្ញារដ្ឋ Massachusetts បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានប៉ះពាល់ដល់លេខសន្តិសុខសង្គម (SSN), ព័ត៌មានគណនីហិរញ្ញវត្ថុ, លេខកាតឥណទាន/ប័ណ្ណទូទាត់ និងប័ណ្ណបើកបររបស់បុគ្គលិក Hasbro ចំនួន ៤៣៦ នាក់ នៅក្នុងរដ្ឋ Massachusetts។ គួរបញ្ជាក់ផងដែរថា កាលពីដើមខែមេសា Hasbro ក៏ធ្លាប់បានប្រកាសពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyberattack) ដែលបានកើតឡើងកាលពីថ្ងៃទី ២៨ ខែមីនា ដោយបង្ខំឱ្យក្រុមហ៊ុនត្រូវបិទប្រព័ន្ធមួយចំនួនជាបណ្តោះអាសន្ន។

កាលណោះ នៅក្នុងរបាយការណ៍ដែលផ្ញើជូនគណៈកម្មការមូលបត្រអាមេរិក (SEC) ក្រុមហ៊ុនបានព្រមានអ្នកវិនិយោគពី «ការពន្យារពេលខ្លះៗ» និងផលប៉ះពាល់ដែលអាចបន្តរហូតដល់ច្រើនសប្តាហ៍។ របាយការណ៍ហិរញ្ញវត្ថុបន្ទាប់មកទៀតក៏បានបង្ហាញថា ក្រុមហ៊ុនបានខាតបង់ចំណូលប្រមាណ ២៥ លានដុល្លារ ដោយសារការវាយប្រហារនោះ។ ទោះជាយ៉ាងណា Hasbro មិនបានបញ្ជាក់ថា ការវាយប្រហារកាលពីខែមីនា និងការបែកធ្លាយទិន្នន័យដែលបានរាយការណ៍ក្នុងសប្តាហ៍នេះ មានទំនាក់ទំនងនឹងគ្នាឬយ៉ាងណានោះទេ។

https://www.bleepingcomputer.com/news/security/toy-making-giant-hasbro-disclose-data-breach-affecting-employees/

ប្រភព ​Bleepingcomputer ចុះផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here