Saturday, September 19, 2026

មេរោគ BambooToken គ្រប់គ្រងលើប្រព័ន្ធ Windows និង Linux តាមរយៈ MQTT

0

ក្របខ័ណ្ឌមេរោគ (Malware) ថ្មីមួយដែលមានឈ្មោះថា BambooToken ដែលបានធ្វើសកម្មភាពយ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ២០២៣ មក ត្រូវបានរកឃើញថាបានប្រើប្រាស់ពិធីការសារ MQTT (Message Queuing Telemetry Transport) ដើម្បីទាក់ទង និងបញ្ជាលើប្រព័ន្ធ Windows និង Linux។ ពិធីការ MQTT គឺជាបច្ចេកវិទ្យាផ្លាស់ប្តូរទិន្នន័យ សម្រាប់ឧបករណ៍ IoT ដោយពឹងផ្អែកលើមជ្ឈមណ្ឌលកណ្តាល (Broker) និងបណ្តាញសារ (Topics) ក្នុងទម្រង់ Publish/Subscribe ជំនួសឱ្យការតភ្ជាប់ផ្ទាល់។ ការយក MQTT មកប្រើប្រាស់ជាច្រកបញ្ជា និងគ្រប់គ្រង (Command-and-Control) ក្នុងចន្លោះឆ្នាំ២០២៤-២០២៥ នេះ គឺជាបច្ចេកទេសប្លែក និងកម្រជួបប្រទះក្នុងវិស័យសន្តិសុខសាយប័រ។

Hardcoded Topics in the malware code

នៅក្នុងប្រតិបត្តិការវាយប្រហារ ម៉ាស៊ីនដែលរងការឆ្លងមេរោគ BambooToken នឹងចុះឈ្មោះ (Subscribe) លើ Topics ដែលមានអត្តសញ្ញាណសម្គាល់ខ្លួន (ID) ច្បាស់លាស់ ដើម្បីរង់ចាំទទួលបទបញ្ជាពីហែកគ័រ ហើយខណៈនោះ វាក៏បានផ្ញើព័ត៌មានប្រព័ន្ធ និងស្ថានភាពម៉ាស៊ីនត្រឡប់ទៅវិញតាមរយៈ Broker ដូចគ្នា។ ការប្រើប្រាស់វិធីសាស្ត្រនេះផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ហែកគ័រ ដោយសារប្រព័ន្ធដែលរងការឆ្លងមិនបាច់តភ្ជាប់ដោយផ្ទាល់ទៅកាន់ហេដ្ឋារចនាសម្ព័ន្ធបញ្ជារបស់ពួកគេឡើយ ដែលធ្វើឱ្យលំបាកក្នុងការរកឃើញ (Evasion) មានភាពធន់ខ្ពស់ និងអាចផ្លាស់ប្តូរទិន្នន័យបែប Asynchronous ដើម្បីធានានិរន្តរភាពប្រតិបត្តិការ ទោះជាមានការរំខានបណ្តាញអ៊ីនធឺណិតបណ្តោះអាសន្នក៏ដោយ។

Strings found in dead code section of .rdata file

តាមរបាយការណ៍របស់ក្រុមស្រាវជ្រាវ Black Lotus Labs នៃក្រុមហ៊ុន Lumen បានឱ្យដឹងថា BambooToken បានរីករាលដាលតាមរយៈការបន្លំខ្លួនក្នុងកម្មវិធី Tendyron OnKey USB-Token ឬកម្មវិធីការិយាល័យ Kingsoft Office។ អ្នកស្រាវជ្រាវបានរកឃើញសមត្ថភាពមេរោគក្នុងការស្រង់ទិន្នន័យកម្មវិធីកម្ចាត់មេរោគ លួចទិន្នន័យដោយប្រើប្រាស់ Keylogging ទិន្នន័យ Clipboard ថតសំឡេង រូបភាពតាមរយៈកាមេរ៉ា និងរូបភាពអេក្រង់។ បន្ថែមពីនេះ គេក៏បានរកឃើញកំណែកែប្រែមេរោគលើប្រព័ន្ធ Linux (BambooToken កំណែ ២.១ នៅខែធ្នូ ឆ្នាំ២០២៥) ដែលមានសមត្ថភាពស្រង់ទិន្នន័យប្រព័ន្ធ បើក Command Shell និងគ្រប់គ្រងឯកសារ តែវានៅតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ។

https://www.bleepingcomputer.com/news/security/bambootoken-malware-controls-windows-and-linux-systems-via-mqtt/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here