ក្រុមហ៊ុនថាមពល CenterPoint Energy បានទទួលស្គាល់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyberattack) ដែលបណ្តាលឱ្យលេចធ្លាយទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន។ ការស៊ើបអង្កេតត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រុមហេគឃ័របានបង្ហោះតាមអនឡាញ ដោយអះអាងថាបានលួចទិន្នន័យអតិថិជនរហូតដល់ ៧,៤៩ លានកំណត់ត្រា ពីក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី និងឧស្ម័នដ៏ធំមួយនេះ។
ក្រុមហេគឃ័រឈ្មោះ “4d722e4d656f77” បានទម្លាយទិន្នន័យរួមមាន ឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន លេខគណនី និងលេខប័ណ្ណសន្តិសុខសង្គម (SSN) មួយផ្នែក ដោយសារក្រុមហ៊ុនមិនអើពើនឹងការព្រមានរបស់ខ្លួន។ គេបានពន្យល់ថា ទិន្នន័យទាំងនោះត្រូវបានទាញយកតាមប្រព័ន្ធ API របស់ក្រុមហ៊ុន ដែលខ្វះប្រព័ន្ធការពារសុវត្ថិភាពទប់ស្កាត់ការជ្រៀតជ្រែកដោយស្វ័យប្រវត្តិ។
នៅក្នុងរបាយការណ៍ដាក់ជូនគណៈកម្មការមូលបត្រអាមេរិក (SEC) ក្រុមហ៊ុនបានបញ្ជាក់ពីការបាត់បង់ទិន្នន័យ ប៉ុន្តែមិនទាន់បញ្ជាក់ចំនួនអតិថិជន ឬប្រភេទព័ត៌មានជាក់លាក់ឡើយ។ ក្រុមហ៊ុនអះអាងថា សេវាកម្មផ្គត់ផ្គង់ថាមពល និងស្ថានភាពហិរញ្ញវត្ថុមិនមានការប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ បច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើសកម្មភាពឆ្លើយតបសង្គ្រោះបន្ទាន់ ដោយសហការជាមួយអ្នកជំនាញសុវត្ថិភាព (Cybersecurity Experts) ខាងក្រៅ ដើម្បីពង្រឹងប្រព័ន្ធការពារ និងរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងប្រឈមមុខនឹងបណ្តឹងសមូហភាព (Class-action lawsuits) នៅតុលាការសហព័ន្ធ ពាក់ព័ន្ធនឹងការលេចធ្លាយទិន្នន័យដែលបានកើតឡើងចន្លោះថ្ងៃទី ១៧ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា។ ក្រុមហ៊ុនបានប្តេជ្ញាថានឹងជូនដំណឹងជាផ្លូវការទៅកាន់អតិថិជនរងគ្រោះ និងអាជ្ញាធរពាក់ព័ន្ធ ស្របតាមបញ្ញត្តិច្បាប់ជាធរមាន។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦










