ប្រទេសប៉ាគីស្ថាន៖ ខាងយោធាបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ៦នាក់ និងទាហាន ២នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលាថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការនេះនៅថ្ងៃទី២៤ ខែតុលា ក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់(Dera Ismail Khan) បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍អំពីវត្តមានរបស់ពួកសកម្មប្រយុទ្ធ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ក្រុមសកម្មប្រយុទ្ធ ៦នាក់ដែលជាសមាជិករបស់ក្រុមតេហ្រេកអ៊ី-តាលីបង់ប៉ាគីស្ថាន (Tehreek-i-Taliban) ដែលត្រូវបានហាមឃាត់ ត្រូវបានសម្លាប់អំឡុងពេលប្រតិបត្តិការនេះ។ ចំណែកទាហាន ២នាក់ក៏បានបាត់បង់ជីវិតផងដែរ ក្នុងហេតុការណ៍បាញ់គ្នាយ៉ាងខ្លាំងនោះ។ យោងតាមសេចក្តីថ្លែងការណ៍ អាវុធ និងគ្រាប់រំសេវត្រូវបានរឹបអូសពីពួកសកម្មប្រយុទ្ធដែលស្លាប់ទាំងនោះ ដែលពួកគេមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើនប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងស្ថាប័នអនុវត្តច្បាប់ ព្រមទាំងការវាយប្រហារលើជនស៊ីវិលផងដែរ។ SPR បានឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យ និងបោសសម្អាតកំពុងដំណើរការនៅក្នុងតំបន់ដើម្បីលុបបំបាត់ក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់ក្នុងតំបន់៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦









