ប្រទេសនីហ្សេរីយ៉ា: សាកសពមនុស្សយ៉ាងហោចណាស់ ៥៨ នាក់ត្រូវបានរកឃើញ បន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារសហគមន៍មួយនៅរដ្ឋតារ៉ាបា (Taraba) ភាគឦសានប្រទេសនីហ្សេរីយ៉ា។ ប៉ូលិសបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។
លោក វ៉ិកទ័រ ម័សហ៊ីលីហ្សាហ (Victor Mshelizah) អ្នកនាំពាក្យនៃបញ្ជាការដ្ឋានប៉ូលិសរដ្ឋថារ៉ាបា (Taraba) បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃសុក្រ នៅសហគមន៍ប៊ីណារ៉ី (Binnari) ក្នុងតំបន់រដ្ឋបាលមូលដ្ឋានការ៉ីម ឡាមីដូ (Karim-Lamido) បានកើនឡើងដល់ ៥៨នាក់ បន្ទាប់ពីសាកសពជនរងគ្រោះចំនួន ១៥ នាក់ដែលបានរត់គេចចេញពីកន្លែងកើតហេតុ ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា។
មន្ត្រីប៉ូលិសរូបនេះបាននិយាយថា សាកសពរបស់ពួកគេត្រូវបានរកឃើញនៅតាមព្រៃជុំវិញ និងក្នុងទន្លេ បន្ទាប់ពីមានការវាយប្រហារ ដែលបានកើតឡើងនៅថ្ងៃដែលផ្សារមានសភាពអ៊ូរអរនៅចុងសប្តាហ៍ក្នុងសហគមន៍។ លោកបានបន្ថែមថា ទូកកាណូតដែលដឹកជនរងគ្រោះលើសចំនួនទៅកាន់សហគមន៍មួយនៅក្បែរនោះបានក្រឡាប់នៅពាក់កណ្តាលផ្លូវ។ លោកបានបញ្ជាក់ថា គេនៅតែបារម្ភថា អាចមានជនរងគ្រោះជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន។
យោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹងថា កងកម្លាំងសន្តិសុខបានរកឃើញសាកសពដំបូងជាង ៤០នាក់។ ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើប្រជាពលរដ្ខដោយមិនរើសមុខអស់រយៈពេល ៤ម៉ោង ដែលបណ្តាលឱ្យផ្ទះជាច្រើនខ្នងត្រូវបានដុតបំផ្លាញ និងគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីលំនៅឋាន។ ក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា អភិបាលរដ្ឋថារ៉ាបាបានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមចែកចាយសម្ភារៈជំនួយ ដើម្បីជួយដល់ជនរងគ្រោះដែលត្រូវបានសង្គ្រោះ និងគ្រួសារដែលរងផលប៉ះពាល់។
សូមបញ្ជាក់ផងដែរថា មិនទាន់មានក្រុមណាមួយចេះមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ គួរំលឹកផងដែរថា រដ្ឋនេះធ្លាប់បានជួបប្រទះនូវអំពើហិង្សាដ៏សាហាវបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននាក់ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលពាក់ព័ន្ធនឹងការប៉ះទង្គិចរវាងសហគមន៍ សកម្មភាពក្រុមប្រដាប់អាវុធបង្កអសន្តិសុខ និងភាពតានតឹងផ្នែកជនជាតិ និងសាសនា៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦










