Saturday, November 14, 2026

ហេគឃ័រជាប់ពន្ធនាគារ ៨ឆ្នាំពីបទលួចប្រាក់ពីអ្នកបង់ពន្ធចំនួន ៣,៣លានដុល្លារ

0

ជនល្មើសនីហ្សេរីយ៉ា ឈ្មោះ Chukwuemeka Victor Amachukwu អាយុ ៤០ ឆ្នាំ មានឈ្មោះផ្សេងទៀតហៅថា Chukwuemeka Victor Eletuo និង So Kwan Leung ពាក់ព័ន្ធនឹងការវាយប្រហារតាមរយៈការបន្លំអ៊ីមែល (Spear-phishing) ជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៩ លើក្រុមហ៊ុនផ្តល់សេវារៀបចំពន្ធនៅសហរដ្ឋអាមេរិក។ជនល្មើសបានសារភាពកំហុសក្នុងការឃុបឃិតចូលលួចចូលប្រព័ន្ធកុំព្យូទ័រ និងប្រព្រឹត្តបទឆបោកតាមប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិក។ ជនល្មើសត្រូវបានបញ្ជូនពីប្រទេសបារាំងទៅសហរដ្ឋអាមេរិកក្នុងខែសីហា ឆ្នាំ២០២៥។ តុលាការបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ។

យោងតាមឯកសារតុលាការ ជនល្មើស Amachukwu និងបក្ខពួកបានលួចប្រាក់ជាង ៣ លានដុល្លារអាមេរិក តាមរយៈការដាក់ពាក្យស្នើសុំបង្វិលសងពន្ធ និងកម្ចីដោយក្លែងបន្លំ ដោយប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដែលបានលួចពីជនរងគ្រោះ។

ជនល្មើសក៏បានចូលរួមក្នុងគម្រោងវិនិយោគក្លែងក្លាយ ដោយបោកប្រាស់ជនរងគ្រោះជាច្រើននាក់ឱ្យវិនិយោគលើលិខិតឥណទានបម្រុងដែលមិនមានពិតប្រាកដ ហើយបានលួចប្រាក់សរុបជាង ៧ លានដុល្លារ។

ក្រៅពីទោសជាប់ពន្ធនាគារ តុលាការបានកំណត់ឱ្យជនល្មើសស្ថិតក្រោមការត្រួតពិនិត្យរយៈពេល ១ឆ្នាំ បង់ប្រាក់សំណងចំនួន ៣,៦ លានដុល្លារ និងប្រគល់ទ្រព្យសម្បត្តិដែលមានតម្លៃជិត ១១ លានដុល្លារ។

https://www.bleepingcomputer.com/news/security/hacker-gets-8-years-for-stealing-33-million-from-taxpayers/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here