ប្រទេសស៊ីរី៖ ទូរទស្សន៍អាល អ៊ីកបារ៉ីយ៉ា (Al-Ikhbariya) របស់រដ្ឋស៊ីរីបានរាយការណ៍ថា បុរស ៣នាក់បានស្លាប់ និង ២នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនមួយនៅតំបន់ជនបទភាគខាងត្បូងនៃខេត្តហាសាកាហ(Hasakah) ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី កាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា។ ក្រុមការពារជនស៊ីវិលស៊ីរីបានឲ្យដឹងថា ក្រុមការងាររបស់ខ្លួនបានប្រមូលសាកសពជនរងគ្រោះទាំង ៣នាក់ និងបានបញ្ជូនអ្នករងរបួសទាំង ២នាក់ ទៅកាន់មន្ទីពេទ្យរដ្ឋក្នុងតំបន់ដើម្បីទទួលការព្យាបាល។
អង្គការឃ្លាំមើលសិទ្ធមនុស្សស៊ីរី (Syrian Observatory for Human Rights) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឱ្យដឹងថា ការផ្ទុះនេះបានកើតឡើង ខណៈយុវជនទាំងនោះកំពុងប៉ះពាល់នឹងសំណល់គ្រឿងផ្ទុះពីសង្គ្រាម នៅពេលដែលពួកគេកំពុងឃ្វាលចៀម។ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលនៅសល់ពីជម្លោះ នៅតែបន្តបង្កឲ្យមានជនស៊ីវិលរងគ្រោះ នៅទូទាំងប្រទេសស៊ីរី។ អង្គការនេះបានកត់ត្រាករណីអ្នកស្លាប់ដោយសារហេតុការណ៍បែប នេះចំនួន ២៧៣នាក់ ចាប់តាំងពីដើមឆ្នាំ២០២៦ ក្នុងនោះមានកុមារចំនួន ១០៦នាក់៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦










