ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៥
អ៊ីរ៉ាក់ ៖ កងយោធារបស់ប្រទេសអ៊ីរ៉ាក់បានអះអាងថា កងកម្លាំងអាកាសរបស់ខ្លួនបានវាយប្រហារក្បួនរថយន្តមួយនៅភាគខាងលិចខេត្ត Anbar ដែលក្នុងនោះរួមមានមេដឹកនាំរបស់ក្រុម ISIS លោក Abu Bakr Al-Baghdadi ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍របស់យោធាបានអោយដឹងថា ជោគវាសនារបស់លោក Al-Baghdadi គឺមិនទាន់ច្បាស់នៅឡើយទេ ខណៈពេលដែលលោកត្រូវបានគេនាំចេញតាមរថយន្តមួយគ្រឿង។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា “កងកម្លាំងអាកាសរបស់ប្រទេសអ៊ីរ៉ាក់បានអនុវត្តប្រតិបត្ដិការវាយប្រហារក្បួនរថយន្តរបស់លោក Al-Baghdadi ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងមេដឹកនាំក្រុម ISIS ជាន់ខ្ពស់ផ្សេងៗទៀតក្នុង Karabelah”។
កន្លែងនៃកិច្ចប្រជុំក៍ត្រូវបានវាយប្រហារ មេដឹកនាំក្រុម ISIS ជាច្រើនផ្សេងទៀតបានស្លាប់និងរងរបួស។ មន្ទីរបញ្ចកោណមិនទាន់អាចបញ្ជាក់អំពីរបាយការណ៍នេះនៅពេលនេះបានទេ។ ការអះអាងថាលោក Al-Baghdadi ត្រូវបានវាយប្រហារក្នុងការវាយប្រហារតាមអាកាសនេះ ត្រូវបានធ្វើឡើងពីរដងរួចមកហើយកាលពីឆ្នាំកន្លងទៅ។ កាលពីខែវិច្ឆិកាក្រុមមន្ត្រីអ៊ីរ៉ាក់ បាននិយាយថា លោកត្រូវបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាស។
កាលពីខែមីនា ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីរ៉ាក់ក៍បានអោយដឹងថា កងកម្លាំងអាកាសរបស់អ៊ីរ៉ាក់ក៍បានធ្វើអោយលោក Al-Baghdadi រងរបួសក្នុងការវាយប្រហារនៅទីក្រុង Al-Qaem របស់ប្រទេសអ៊ីរ៉ាក់។ គ្រប់ពេលនៃការវាយប្រហារការថតសំឡេងរបស់លោក Al-Baghdadi បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាស។ លោកគឺជាសត្រូវលេខ ១ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ហើយនៅរដូវក្តៅនេះមន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេជឿថាលោក Al-Baghdadi គឺនៅក្នុងតំបន់នៃ Raqqa នៃប្រទេសស៊ីរីដែលជារដ្ឋធានីដែលពួកឧទ្ទាម រដ្ឋអ៊ីស្លាមប្រកាសជាកម្មសិទ្ឋរបស់ខ្លួននោះ។ ពួកគេបាននិយាយថា គេនៅតែជាអ្នកទទួលខុសត្រូវនៃការប្រតិបត្ដិរបស់ក្រុម ISIS នេះ ៕