ខេត្តរតនគីរី៖ នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន អនុប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ឋានៈស្មើ រដ្ឋលេខាធិការ) បានដឹកនាំប្រតិភូ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម សហការជាមួយរដ្ឋបាលសាលាខេត្តរតនគីរី ដើម្បីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅសាលាខេត្តរតនគីរី។
សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅវេលាម៉ោង8:30នាទីព្រឹក ក្រោមអធិបតីភាព លោក ងិន ណែល អភិបាលរង តំណាងឱ្យ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាល ខេត្តរតនគីរី និង ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ដោយមានការចូលរួមពីគ្រប់មន្ទីរ ស្នងការរង មេបញ្ជាការរង នៃកងរាជអាវុធហត្ថ មេបញ្ជាការរងនៃកងយោធពលខេមរភូមិន អភិបាល អភិបាលរងស្រុក និងថ្នាក់ដឹកនាំអង្គភាព ផ្សេងៗទៀត ចំណុះខេត្ត មានចំនួនសរុប ៣៧នាក់ (ស្រី ០៣នាក់)។
គោលបំណងសិក្ខាសាលានេះ គឺ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ស្ថាប័នប្រត្តិបត្តិរបស់ខេត្ត ជាពិសេស គឺ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទនូវ ការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និង នីតិវិធីនានា ក្នុងការត្រៀមខ្លួនជាមុនដូចជា ការការពារ ការបង្ការ ការឆ្លើយតប និង ការស្ដាឡើងវិញ ពេលមាន ឧបទ្ទវហេតុភេរវកម្មកើតឡើងជាយថាហេតុ។ បច្ចុប្បន្នប្រទេសកម្ពុជា ពិតមែនតែមិន មែនជាគោលដៅ របស់ក្រុមភេរវករក៏ដោយ តែក៏អាចជាកន្លែងជ្រកកោន ឬក៏ឆ្លងកាត់… ដែលយើងត្រូវតែឈរ លើស្មារតី ប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការត្រៀមខ្លួន ការការពារ ការបង្ការ ការឆ្លើយតប និងការស្ដាឡើងវិញ មុនពេល មានឧបទ្ទវហេតុភេរវកម្មកកើតឡើង។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម បណ្ឌិត ក៏បានពាំនាំយកនូវមតិផ្តាំផ្ញើ ក្រើនរំលឹករបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជូនដល់សិក្ខាកាមទាំងអស់ សូមកុំបញ្ចប់ត្រឹមការងារចប់ ត្រូវខំប្រឹងបន្តតាមដានរកឱ្យឃើញពីប្រភពរបស់ពួកវា ហើយក៏សូមយក ចិត្តទុកដាក់តាមគ្រប់ជំនាញប្រឆាំងដាច់ខាតនូវរាល់សកម្មភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបាន លុះត្រាតែមានប្រភពហិរញ្ញវត្ថុ។ ជាមួយគ្នានេះដែរ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន បានសង្កត់ធ្ងន់ថា “ស្នងការនគរបាលរាជធានី/ខេត្ត មានតួនាទី ជាមេបញ្ជាការនៅកន្លែងកើតហេតុ ពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើង”។
អង្គសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង 11:30នាទី នាថ្ងៃដដែល ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ទស្នាល ដោយបានទទួល ចំណេះ ដឹងថ្មីៗ អំពីការងារប្រឆាំងនឹងអំពើភេរវកម្ម ជាពិសេស ការប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕