សិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅខេត្តមណ្ឌលគីរី

0

ខេត្តមណ្ឌលគីរី៖ នៅថ្ងៃសុក្រ ០៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន អនុប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ឋានៈស្មើ រដ្ឋលេខាធិការ) បានដឹកនាំប្រតិភូ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម សហការជាមួយរដ្ឋបាលសាលាខេត្តមណ្ឌលគីរី ដើម្បីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅសាលាខេត្តមណ្ឌលគីរី។

សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅវេលាម៉ោង០៨:៣០នាទីព្រឹក ក្រោមអធិបតីភាព លោក នួន សារ៉ន អភិបាលរង តំណាងឱ្យ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគីរី និង ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ដោយមានការចូលរួមពីគ្រប់មន្ទីរ ស្នងការរង មេបញ្ជាការរង នៃកងរាជអាវុធហត្ថ មេបញ្ជាការរងតំបន់ប្រត្តិបត្តិការសឹកខេត្ត អភិបាល អភិបាលរងស្រុក និងថ្នាក់ដឹកនាំអង្គភាព ផ្សេងៗទៀត ចំណុះខេត្ត មានចំនួនសរុប ៣៨នាក់ (ស្រី ១០នាក់)។

គោលបំណងសិក្ខាសាលានេះគឺ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ស្ថាប័នប្រត្តិបត្តិរបស់ខេត្ត ជាពិសេស គឺ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទនូវ ការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និង នីតិវិធីនានា ក្នុងការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប និងការស្ដាឡើងវិញ ពេលមាន ឧបទ្ទវហេតុភេរវកម្មកើតឡើងជាយថាហេតុ។ បច្ចុប្បន្នប្រទេសកម្ពុជាពិតមែនតែមិនមែនជាគោលដៅ របស់ក្រុមភេរវករក៏ដោយ តែក៏អាចជាកន្លែងជ្រកកោន ឬក៏ឆ្លងកាត់… ដែលយើងត្រូវតែឈរ លើស្មារតី ប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការត្រៀមខ្លួន ការបង្ការ ការឆ្លើយតប និងការស្ដាឡើងវិញ មុនពេល មានឧបទ្ទវហេតុភេរវកម្មកកើតឡើង។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម បណ្ឌិត ក៏បានពាំនាំយកនូវមតិផ្តាំផ្ញើ ក្រើនរំលឹករបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជូនដល់សិក្ខាកាមទាំងអស់ សូមកុំបញ្ចប់ត្រឹមការបំពេញភារកិច្ចចប់ ត្រូវខិតខំប្រឹងបន្តស៊ើបអង្កេតតាមដានរកឱ្យឃើញពីប្រភព​របស់ពួកវា ហើយក៏សូមយក ចិត្តទុកដាក់តាមគ្រប់ជំនាញប្រឆាំងដាច់ខាតនូវរាល់សកម្មភាព​ទាំង​ឡាយ​ណាដែលជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីក​សាយ​ភាយអាវុធមហាប្រល័យ ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបាន លុះត្រាតែ​មានប្រភព​ហិរញ្ញវត្ថុ។ ជាមួយគ្នានេះដែរ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន បានសង្កត់ធ្ងន់ថា “ស្នងការ​នគរបាលរាជធានី/ខេត្ត មានតួនាទី ជាមេបញ្ជាការនៅកន្លែងកើតហេតុ ពេលមានឧបទ្ទវហេតុ​ភេរវកម្មកើតឡើង”។

អង្គសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១១:៣០នាទី នាថ្ងៃដដែល ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ទស្នាល ដោយបានទទួល ចំណេះ ដឹងថ្មីៗ អំពីការងារប្រឆាំងនឹងអំពើភេរវកម្ម ជាពិសេស ការប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here