ឯកឧត្តម អ៉ឹង អៀង ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ ការធ្វើបច្ចុប្បន្នភាព សៀវភៅ បទដ្ឋាន នីតិវិធីប្រតិបត្តិ (SOP) ការពិនិត្យការប្រើប្រាស់ TRACE app និងការធ្វើ Secondary Inspection នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

0

នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អ៉ឹង អៀង អនុប្រធានលេខាធិការដ្ឋាន​នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ ការធ្វើ​បច្ចុប្បន្នភាព សៀវភៅបទដ្ឋាននីតិវិធីប្រតិបត្តិ (SOP) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី តំណាងសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះ​សីហនុ លោក កោះ និច្ច អនុប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និង​តំណាងកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ លោក ថោង វីរ៉ូ អគ្គនាយករងកំពង់ផែ និងមន្ត្រី ទាំងអស់សរុបចំនួន ២៣រូប ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៉ឹង អៀង ក៏បានថ្លែងសន្ទរកថាស្វាគមន៍ និងបានលើកឡើងពី សារៈសំខាន់នៃគម្រាងសន្តិសុខកំពង់ផែកម្ពុជា និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការ ការពារនៃ​ការចរាចរដោយខុសច្បាប់នៃសារធាតុ CBRN ហើយឯកឧត្តមក៏បានជម្រាបផងដែរថា កម្ពុជា ជាប្រទេសទី១ ដែលបានដាក់បញ្ចូលនូវកម្មវិធី TRACE app ទៅក្នុងសៀវភៅ បទដ្ឋាននីតិវិធីប្រតិបត្តិ (SOP) នៅក្នុងចំណោមសមាជិកជាង ៧០ ប្រទេស ដែលសរបញ្ជាក់ថា កម្ពុជាមានការយកចិត្ត​ទុកដាក់​ទៅលើគម្រោងនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានកោតសរសើរដល់មន្ត្រីសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ​ក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានសហការគ្នាបានយ៉ាងល្អនៅក្នុង​ការអនុវត្តតួនាទីភារៈកិច្ចនេះ ហើយក៏បានពាំនាំនូវសៀវភៅ បទដ្ឋាននីតិវិធីប្រតិបត្តិ (SOP) ដែលទើបនឹងធ្វើបច្ចុប្បន្នភាពថ្មីចែកជូនដល់សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងការធ្វើបទបង្ហាញពីបច្ចុប្បន្នភាពថ្មី នៃសៀវភៅបទដ្ឋាននីតិវិធីប្រតិបត្តិ (SOP) ដល់មន្ត្រីសាខាគយ និងរដ្ឋាករ និងមន្ត្រីកំពង់ផែផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តម អ៉ឹង អៀង បានដឹកនាំការធ្វើការត្រួតពិនិត្យលើកទី២ (Secondary Inspection) និងការពិនិត្យការប្រើប្រាស់ TRACE app ដើម្បីជាការរំលឹក និងការ​អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពដល់ការឆ្លើយតបទៅនឹង​ឧបទ្ធវហេតុផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here