សិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅខេត្តក្រចេះ

0

ខេត្តក្រចេះ៖ នៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០២៣ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន  អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម   បានដឹកនាំប្រតិភូ ចុះទៅផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅសាលាខេត្ត​ក្រចេះ។ សិក្ខាសាលានេះ បានចាប់ផ្តើម នៅវេលាម៉ោង ៨:៣០នាទី ព្រឹក ក្រោមអធិបតីភាពរបស់ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ។

សមាសភាពចូលរួមក្នុងអង្គសិក្ខាសាលា រួមមានថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ចំណុះខេត្តសរុបចំនួន ​៣៧នាក់ (ស្រី ០៤នាក់)។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាម​នូវ​ការទទួលខុសត្រូវក្នុងការរៀបចំសម្របសម្រួល និងនីតិវិធីនានា ការត្រៀមខ្លួនជាមុន ការបង្ការការឆ្លើយតប និងការស្ដារឡើងវិញ នៅពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើង។ ក្នុងឱកាសដ៏មានតម្លៃនោះ ឯកឧត្តម បណ្ឌិត ក៏បានពាំនាំនូវមតិផ្តាំផ្ញើរបស់ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង សូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ទប់ស្កាត់ឱ្យបាននូវរាល់សកម្មភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់(ML) ហិរញ្ញប្បទានភេរវកម្ម (TF)  និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបាន លុះត្រាតែមានប្រភពហិរញ្ញវត្ថុ។

អង្គសិក្ខាសាលានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១១:៣០នាទី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល ហើយសិក្ខាកាមម្នាក់ៗទទួលបានចំណេះដឹងថ្មីៗ ដែលពាក់ព័ន្ធនឹងការងារប្រឆាំងអំពើភេរវកម្ម ជាពិសេស ការប្រឆាំងនឹងការសម្អាតប្រាក់ (ML) ហិរញ្ញប្បទានភេរវ កម្ម (TF) និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here