រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥
=======================
ទីស្ដីការក្រសួងយុត្តិធម៌៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ របស់ គ.ស.ហ. ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃថ្នាក់ជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ និងពិនិត្យ និងពិភាក្សាអំពីទិសដៅការងារបន្តរបស់កម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិកនៃ គ.ស.ហ.។
ជាលទ្ធផល, អង្គប្រជុំបានពិនិត្យ និងអនុម័តលើរបាយការណ៍ការវាយតម្លៃហានិភ័យថ្នាក់ជាតិស្ដីពីការការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម (National Risk Assessment – NRA) លើកទី២ ដែលឯកសារនេះនឹងក្លាយទៅជាមូលដ្ឋានសម្រាប់កម្ពុជារៀបចំយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីដាក់ចេញនូវផែនការសកម្មភាពនានា សំដៅឆ្លើយតបទៅនឹងកម្រិតហានិភ័យដែលបានកំណត់នៅក្នុងរបាយការណ៍ NRA លើកទី២ នោះ។
បន្ថែមពីនេះ, អង្គប្រជុំក៏បានដាក់ចេញនូវទិសដៅការងារបន្តមួយចំនួន រួមមាន៖ (១)-ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍សង្ខេបវាយតម្លៃហានិភ័យថ្នាក់ជាតិ NRA លើកទី២ នេះ, (២)-ការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និង (៣)-ការត្រៀមលក្ខណៈក្នុងការទទួលការវាយតម្លៃអញ្ញមញ្ញ នាពេលខាងមុខ។
ជាចុងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ស.ហ. បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ និងលោក លោកស្រី ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ព្រមទាំង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងឯកឧត្តម លោកជំទាវ លោក លោកស្រី នៅតាមក្រសួង ស្ថាប័ន នានា ជាក្រុមការងារនៃក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ ដែលទទួលបន្ទុកតាមម៉ូឌុល នីមួយៗ ដែលបានខិតខំប្រឹងប្រែងរៀបចំ NRA លើកទី២ នេះ ឱ្យបានសម្រេចតាមការគ្រោងទុក។













