សណ្ឋាគារភ្នំពេញ៖ កាលពីថ្ងៃទី ៤-៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ឯកឧត្តម អ៊ឹង អៀង តំណាងលេខាធិការដ្ឋាន គជបភ និងជាតំណាងឯកឧត្តម ទេសរដ្ឋមន្រ្តី ឳម យ៉ិនទៀង បានចូលរួមប្រជុំក្នុងក្រុមការងារ CBRN Team របស់កម្ពុជា (គំរោងលេខ២២) រួមជាមួយតំណាង CBRN Centres of Excellence របស់សហគមន៍អឺរ៉ុប ដែលដឹកនាំដោយលោក Nigel Tottie (UK) អ្នកស្រី Jenine Foxhall (UK) និងលោក Dominique Bonjour (France)។
កិច្ចប្រជុំនៃអង្គសិក្ខាសាលានេះរួមមានមន្ត្រីមកពីអង្គភាពពាក់ព័ន្ធនានារបស់កម្ពុជាដូចជា៖ ក្រសួងការពារជាតិ លេខាធិការដ្ឋាន គជបភ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងមហាផ្ទៃ (អង្គភាពពន្លត់អគ្គិភ័យ) ក្រសួងសុខាភិបាល អាជ្ញាធរជាតិអាវុធគីមី នុយក្លេអ៊ែ វិទ្យុសកម្ម និងជីវសាស្រ្តរបស់ក្រសួងការពារជាតិ និងតំណាងរបស់ក្រុមការងារ CBRN Team ផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សាស្វែងយល់គ្នាអស់រយៈពេល២ថ្ងៃរួចមក អង្គសិក្ខាសាលាសម្រេចនឹងផ្តល់-ទទួលវគ្គហ្វឹកហ្វឺនជំនាញ CBRN 1st Responder Team មួយចំនួនដល់មន្ត្រីលេខាធិការ ដ្ឋាន គជបភ និងអង្គភាពពាក់ព័ន្ធ ដែលគ្រោងនឹងចាប់ផ្តើម នាខែមីនា ឆ្នាំ២០១៤ ខាងមុខនេះ នៅលេខាធិការដ្ឋាន គជបភ ។
ប្រទេសកម្ពុជាជាប្រទេសឈានមុខគេក្នុងការសហការជាមួយសហគមន៍អឺរ៉ុបលើការងារ CBRN នេះក្នុងតំបន់ ហើយកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៤ នៅតំបន់អាស៊ីអាគ្នេយ៍(ប្រទេសហ្វីលីពីន, កម្ពុជា, ឡាវ និងម៉ាឡេស៊ី) ដែលទទួលជំនួយហ្វឹកហ្វឺន និងការកសាងស្ថេរភាព នេះផងដែរ ក្រៅពីនេះមានប្រទេសនៅតំបន់អាហ្រ្វិកចំនួន ៣ទៀត គឺប្រទេស ម៉ូរ៉ូកូ ប្រទេសហ្គាមុង និងប្រទេសសេណេហ្គាល់។
ប្រទេសកម្ពុជាទទួលបានគំរោងចំនួន ១៩ ពីសហគមន៍អឺរ៉ុប លើការងារពាក់ពន្ធ័នឹងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការបង្កើនសមត្ថភាពផ្លូវច្បាប់ ធនធានមនុស្ស និងឧបករណ៍សំរាប់ការបង្ការ ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងការរត់ពន្ធនូវសារធាតុ CBRN ដោយខុសច្បាប់ ជាសកល។