សណ្ឋាគារសាន់វ៉េ (ភ្នំពេញ)៖ កាលពីថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ឯកឧត្តម អ៊ឹង អៀង តំណាងលេខាធិការដ្ឋាន គជបភ និងជាតំណាងឯកឧត្តម ទេសរដ្ឋមន្រ្តី ឳម យ៉ិនទៀង បានចូលរួមប្រជុំក្នុងក្រុមការងារ CBRN Team របស់កម្ពុជា (គំរោងលេខ៨) ជាមួយតំណាង CBRN Centres of Excellence របស់សហគមន៍អឺរ៉ុប ។
កិច្ចប្រជុំនៃអង្គសិក្ខាសាលានេះរួមមានមន្ត្រីមកពីអង្គភាពពាក់ព័ន្ធនានារបស់កម្ពុជាដូចជា៖ ក្រសួងការពារជាតិ លេខាធិការដ្ឋាន គជបភ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងធនធានទឹក ក្រសួងមហាផ្ទៃ (អង្គភាពពន្លត់អគ្គិភ័យ) ក្រសួងសុខាភិបាល អាជ្ញាធរជាតិអាវុធគីមី នុយក្លេអ៊ែ វិទ្យុសកម្ម និងជីវសាស្រ្តរបស់ក្រសួងការពារជាតិ និងតំណាងរបស់ក្រុមការងារ CBRN Team … ផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សាស្វែងយល់ពីគ្នាអស់រយៈពេល២ថ្ងៃរួចមកអង្គសិក្ខាសាលាបានពិនិត្យលើច្បាប់ នានារបស់កម្ពុជាដែលមានស្រាប់ដូចជាច្បាប់រដ្ឋធម្មនុញ្ញ (១៩៩៣) នីតិវិធីនៃក្រម ព្រហ្មទណ្ឌ(២០០៧) ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះនិងគ្រាប់រំសេវ (២០០៥) ច្បាប់ប្រឆាំងភេរវកម្ម (២០០៧) ច្បាប់ស្តីពីការផ្ទន្ទារទោសសកម្មភាពភេរវកម្ម (១៩៩២) ច្បាប់គ្រប់គ្រងឱសថ (១៩៩៦) ច្បាប់គយ (២០០៧) ច្បាប់ស្តីពីការប្រឆាំងនឹងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (២០០៧) ជាដើម និងផ្តល់អនុស្សាសន៍ឱ្យកម្ពុជាពិចារណានូវការបង្កើតច្បាប់ថ្មីបន្ថែមនិងមានបំណងផ្តល់នូវជំនួយបច្ចេកទេសមួយចំនួនដល់កម្ពុជាក្នុងការបំពេញ ចន្លោះប្រហោងផ្នែកច្បាប់ដើម្បីកម្ពុជាមានក្របខណ្ឌច្បាប់មួយដ៏ ប្រសើរនៅកំរឹតថ្នាក់ជាតិ និងការអនុឡោមតាមច្បាប់ និងអនុសញ្ញាអន្តរជាតិនានានៃការបង្ការ ការប្រយុទ្ធប្រឆាំងនឹង CBRN របស់សកលោក តាមតែអាចធ្វើទៅបាន។
គំរោងលេខ ៨ របស់សហគមន៍អឺរ៉ុបនេះ នឹងបញ្ចប់នៅចុងឆ្នាំ២០១៤ ។