លគជបភ បន្តបេសកកម្មបញ្ជ្រាបសៀវភៅផែនការជាតិប្រឆាំងភេរវកម្មដល់ខេត្តកំពង់ធំ

0

កំពង់ធំ៖ ក្រោយពីបញ្ចប់បេសកកម្មបញ្ជ្រាបសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ក្នុងខេត្តក្រចេះ (ខេត្តទី៦) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ រួចមក នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ក្រុមការងារដែលដឹកនាំដោយឯកឧត្តម អ៊ឹង អៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធាន លគជបភ និងជាសមាជិក លគជបភ ព្រមទាំងមានការចូលរួមអមដំណើរដោយ លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានបចេ្ចកវិទ្យា លោក ចាន់ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោក ម៉ី សាម៉ុន ប្រធានការិយាល័យសមយុទ្ធ និងលោក ពៅ វិទូ អនុប្រធានការិយាល័យទី២ នៃនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ បានបន្តបេសកកម្មបញ្ជ្រាបសៀវភៅផែនការបន្តទៀតទៅដល់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ទីពាក់ព័ន្ធ។
គោលបំណងសំខាន់ក្នុងការបញ្ជ្រាបសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះគឺដើម្បីបង្កើននូវការយល់ដឹង និងបង្កើនប្រសិទ្ធិភាពនៃកិច្ចសហប្រតិបបត្តិការរួមរវាងស្ថាប័ន មន្ទីរពាក់ព័ន្ធនានាចំណុះ ខេត្ត ក្នុងការបង្កា ការការពារ ការឆ្លើយតប និងស្តារស្ថានភាពឡើងវិញ ក្នុងករណីមានឧបទ្ទវហេតុភេរវកម្មកើតឡើង ជាពិសេសត្រូវចូលរួមឲ្យបានសកម្មជាមួយពិភពលោកដើម្បីប្រយុទ្ធ ប្រឆាំងទៅនឹងអំពើភេរវកម្ម ដោយគ្រប់រូបភាពដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម។ ក្នុងពិធីដ៏មានអត្ថន័យនេះផងដែរ ឯកឧត្តម អ៊ឹង អៀង ក៏បានធ្វើការបកស្រាយបញ្ជាក់យ៉ាងលម្អិតដោយផ្អែកទៅលើសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម អំពីតួនាទី ភារកិច្ច ការទទួលខុសត្រូវ របស់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរពាក់ព័ន្ធនានា សំដៅយ៉ាងណាមិនឲ្យជាន់ដែនសមត្ថកិច្ច និងអាចសម្រេចបាននូវប្រសិទ្ធិភាពខ្ពស់ ក្នុងការរក្សាសុខសុវត្ថិភាពសម្រាប់ជាតិ សម្រាប់តំបន់ ក៏ដូចជាពិភពលោកទាំងមូល។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីដែលបានប្រារពឡើងនារសៀលថ្ងៃទី៤ នេះគឺមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម អ៊ិត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរចំណុះខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថ និងតំណាងយោធាខេត្តផងដែរ៕

010203040506