ភ្នំពេញ៖ ក្នុងគោលដៅជម្រុញ និងបង្កើនសមត្ថភាពដល់មន្ត្រីរបស់ខ្លួន នារសៀលថ្ងៃច័ន្ទទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យាបានបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងលើកម្មវិធី WordPress ដល់មន្ត្រីដែលពាក់ព័ន្ធមកពីការិយាល័យចំណុះចំនួន៣ គឺការិយាល័យអប់រំផ្សព្វផ្សាយ ការិយាល័យសុវត្ថិភាព (Security) និងការិយាល័យអភិវឌ្ឍន៍ផ្នែកទន់ (Software)។ ការបណ្តុះបណ្តាលនោះមានរយៈពេលបួនម៉ោង គឺចាប់ពីម៉ោង ១និង០០ នាទីថ្ងៃត្រង់ រហូតដល់ម៉ោង ៥ និង ០០នាទីល្ងាច ក្រោមការដឹកនាំពី លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៅ លគជបភ ទីតាំង អគ្គស្នងការនគរបាលជាតិ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមធ្វើបទបង្ហាញពីលោក កាំង ដារ៉ា ជាមន្ត្រីការិយាល័យសុវត្ថិភាព ហើយលោកបានធ្វើការបកស្រាយទៅលើប្រធានបទ៤ សំខាន់គឺ៖
– ការគ្រប់គ្រងកម្មវិធី WordPress
– សុវត្ថិភាពក្នុងការប្រើប្រាស់កម្មវិធី WordPress
– ការកែប្រែទម្រង់ខាងក្នុងវ៉ិបសាយ របស់នាយកដ្ឋាន NCTC
– ពិភាក្សាតើធ្វើយ៉ាងណាដើម្បីការពារសុវត្ថិភាពសម្រាប់ការពារពីអ្នក Hacker
ចំណែកលោកប្រធាននាយកដ្ឋានក៏បានបញ្ជាក់ឲ្យដឹងផងដែរថា “នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរ គឺនាយកដ្ឋាននឹងរៀបចំវគ្គបណ្តុះបណ្តាលបែបនេះសម្រាប់មន្ត្រីរបស់នាយកដ្ឋាន និងមន្ត្រី របស់នាយដ្ឋានចំណុះ លគជបភ ទាំងអស់ថែមទៀតនាពេលខាងមុខ និងបន្តរហូតគ្មានពេលបញ្ជប់ គឺសំដៅយ៉ាងណាឲ្យមន្ត្រីទាំងអស់ ទាំងក្នុងនាយកដ្ឋាន ក៏ដូចជានាយកដ្ឋានចំណុះ លគជបភ ទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងបំពេញភារកិច្ចជូន លគជបភ ពាក់ព័ន្ធនឹងជំនាញ IT។ វគ្គសិក្សានេះប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ ក្រោមកិច្ចពិភាក្សា ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ពីសំណាក់វាគ្មិន និងសិក្ខាកាមដែលចូលរួម៕