ឯកឧត្តម អ៊ឹង អៀង ធ្វើការសំណេះសំណាល និងជម្រុញការអនុវត្តការងារដល់នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា

0

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលេខាធិការដ្ឋាន គជបភ ទីតាំងអគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ឹង អៀង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាន គជបភ និងជាសមាជិកលេខាធិការដ្ឋាន គជបភ បានចូលរួមសំណេះសំណាលជាមួយថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីទាំងអស់របស់នាយដ្ឋានព័ត៌មានបច្ចេកវិទ្យា។ បន្ទាប់ពីស្តាប់នូវរបាយការណ៍សកម្មភាពការងារដែលអនុវត្តនាពេលកន្លងមករបស់លោក ប៉ឹល ច័ន្ទវីរៈ ជាប្រធាននយកដ្ឋានព័ត៌មានបច្ចេកវិទ្យារួចមក ឯកឧត្តម អ៊ឹង អៀង បានសំដែងនូវការសាទរ​ ក៏ដូចជាការជម្រុញលើកទឹកចិត្តដល់​ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះនាយកដ្ឋានទាំងអស់ដែលបានដាក់ចិត្តដាក់កាយ ខិតខំប្រឹងប្រែងដោយមិនគិតពីពេលវេលា អនុវត្តការងាររហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយឯកឧត្តមក៏បានជម្រុញឲ្យបន្តការខិតខំប្រឹងប្រែងនេះជាបន្តទៀត។ ឯកឧត្តមក៏បានពាំនាំនូវការសាកសួសុខទុក្ខ និងការលើកសរសើរនូវការអនុវត្តការងារនាពេលកន្លងមករបស់នាយកដ្ឋាន ពីសំណាក់​ឯកឧត្តមទេសរដ្ឋមន្រ្តីផងដែរ។ ទន្ទឹមនឹងនោះឯកឧត្តមក៏បាន ឆ្លើយតបទៅនឹងរបាយការណ៏និងបញ្ហាប្រឈមដែលកំពុងតែជួបប្រទះ ដោយបានផ្តល់​អនុសាសន៍​ណែនាំល្អ​​​​​​​ៗយ៉ាងច្រើនសំដៅជម្រុញការអនុវត្តការងាររបស់នាយកដ្ឋាន និងជម្រុញឲ្យពង្រឹងសមត្ថភាពមន្ត្រីរបស់​នាយកដ្ឋានទាំងអស់ដោយធ្វើយ៉ាងណាអាចបំពេញបាននូវរាល់តម្រូវការរបស់ថ្នាក់ដឹកនាំ និងសង្គមជាតិ។ ឯកឧត្តមក៏បានបន្ថែមទៀតថា ការិយាល័យចំណុះទាំងអស់ត្រូវកំណត់របបនៃការរាយការណ៍ ការបង្កើតផែនការ ការអនុវត្តការងារ និងការត្រួតពិនិត្យការងារ ដែលវាជារួបមន្តមួយជម្រុញឲ្យការងារដែលយើងកំពុងប្រតិបត្តរឹតតែមានប្រសិទ្ធិភាព និងទទួលបានលទ្ធផលខ្ពស់។ ជាចុងក្រោយ ឯកឧត្តម បានផ្តល់អនុសាសន៍ ដ៏មានអត្ថន័យ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋាន លើ ៣ចំណុច គឺមន្រ្តីទាំងអស់ គប្បីត្រូវមាន ភាពស្មោះត្រង់ ការស្រឡាញ់ការងារ និង ការពង្រឹងសមត្ថភាពខ្លួនឯងដើម្បីទទួលបានជោកជ័យលើការងារ ។

កិច្ចប្រជុំបានបញ្ចប់ទៅ ក្រោមបរិយាកាស រីករាយ ស្និទស្នាល និងប្រកបដោយផ្លែផ្កា។

020104 03