សៀមរាប : នៅព្រឹកថ្ងៃព្រហស្បហ័ទី ២០ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង ៩:០០ ព្រឹក នៅសាលា ខេត្តសៀមរាប មានបើកការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងលើខ្លឹមសារនៃសៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរពាក់ព័ន្ធចំណុះ ឲ្យ សាលាខេត្តសៀមរាបទាំងមូល ដោយមានការចូលរួម ជាអធិបតីពី សំណាក់ ឯកឧត្តម អ៊ឹង អៀង សមាជិក លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំង ភេវរកម្ម និង ឯកឧត្តម ម៉ៅ វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត សៀមរាប និងជាតំណាងរបស់ ឯកឧត្តម ឃឹម ប៊ុនសេង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ ក្នុងកម្មវិធីបញ្ជ្រាបនេះ ក៏មាន ការចូលរួមអមដំណើរពីថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា ថ្នាក់ដឹកនាំនាយកដ្ឋាន ព្រមទាំងមន្រ្តីនៃ នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធទាំងអស់ផងដែរ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ឹង អៀង បានថ្លែងការកោតសរសើរ និងអំណងគុណដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធ ចំណុះឲ្យសាលាខេត្តទាំងមូល ជាពិសេសកងកម្លាំងប្រដាប់អាវុធ និងមន្ទីរទេសចរណ៍ ដែលបានចូលរួមការទទួលខុសត្រូវក្នុង កិច្ច ការងារប្រឆាំងភេវរកម្ម ក៏ដូចជាកម្មវិធី ភូមិឃុំសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចុះសម្រាប់ ការអនុវត្តកន្លងមក។ បន្ថែមលើខ្លឹមសារ នៃសៀវភៅផែនការជាតិ ឯកឧត្តម អ៊ឹង អៀង បានលើក ឡើងនូវ កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង និងអាជ្ញាធរ ថែមទាំងជំរុញបន្តលើការងារ ជា បន្តទៀត ដោយបានបញ្ជាក់ជូន ដល់អង្គពិធីទាំងមូលថា លេខាធិការដ្ឋានបានកំពុងនឹងខិតខំ ប្រឹងប្រែងរៀបចំ ការងារមួយចំនួន ដូចជាការសរសេរសេណារីយ៉ូសមយុទ្ធ ហើយនឹងមានលំហាត់ សមយុទ្ធលើតុមួយ ចំនួនជូនដល់ថ្នាក់ខេត្តនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ លើសពីនេះទៅទៀត ឯកឧត្តម អធិបតី ក៏បានធ្វើការចែករំលែកបទពិសោធន៍ការងាររបស់ លេខាធិការដ្ឋានលើការងារសមយុទ្ធ នៅខេត្ត ព្រះសីហនុកន្លងមក ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ក្នុងអង្គពិធីផងដែរ។ ក្រោយបញ្ចប់ការធ្វើ បទបង្ហាញបញ្ជ្រាបការយល់ដឹងលើសៀវភៅផែនការជាតិនេះ ឯកឧត្តម អធិបតីបានស្តាប់របាយ ការណ៏របស់មន្ទីរទេសចរណ៍ និងមន្ទីរសុខាភិបាលខេត្តរាយការណ៏លើ ផែនការការងារពាក់ព័ន្ធនឹង ការសហការលើការងារចុះស្រង់យកប្លង់សណ្ឋាគារ ផ្ទះសំណាក់ ភូមិគ្រិះជួល ភោជនីយដ្ឋាន ព្រមទាំងមន្ទីរពេទ្យរដ្ឋ គ្លីនិកឯកជន និងរថយន្តសង្គ្រោះនៅក្នុងខេត្តទាំងមូល។ ជាចុងបញ្ចប់ ឯកឧត្តម អ៊ឹង អៀង បានថ្លែងការកោតសសើរដល់ការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា អង្គភាពចំណុះ ជាថ្មីម្តងទៀត និងមានប្រសាសន៍បិទកម្មវិធី ប្រកបដោយភាពរីករាយ និង ស្និទស្នាល បំផុត។