ឃុំ Ispra អ៊ីតាលី៖ កាលពីថ្ងៃទី២៣-៣០ ខែមីនា ឆ្នាំ២០១៤ កន្លងទៅនេះ ឯកឧត្តម អ៊ឹង អៀង បានទទួលការចាត់តាំង ពីឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជាតំណាង លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រភេរវកម្ម ដើម្បីដឹកនាំប្រតិភូ កម្ពុជា ដែលមានសមាសភាពពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពិសេសមន្រ្តីគយប្រចាំការនៅកំពង់ផែស្វយ័តភ្នំពេញ (ខ្សុំ) មន្រ្តីគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មន្រ្តីគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិខេត្ត សៀមរាប ដើម្បីចូលួរមក្នុងវគ្គហ្វឹកហ្វឺនប្រើប្រាស់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម និងជាគ្រូបង្គោលនៅឃុំ Ispra ប្រទេសអ៊ីតាលី ជាមួយសិក្ខាកាមមកពីប្រទេសឡាវ ថៃ ហ្វីលីពីន ដោយមានគ្រូឧទ្ទេសនាមពីសហគមន៍អ៊ឺរ៉ុប និងប្រទេស ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី (គ្រូទាំងពីរធ្លាប់មកកម្ពុជារួចហើយ)។
ក្រោយការអនុវត្តន៍ ភាគីសហគមន៍អ៊ឺរ៉ុបមានការសប្បាយចិត្តចំពោះសិក្ខាកាមកម្ពុជា ទោះជាសិក្ខាកាមសុទ្ធ តែថ្មី តែមានការយកចិត្តទុកដាក់ និងអនុវត្តន៍បានល្អលើការយល់ដឹង និងការប្រើប្រាស់ឧបករណ៍។
នាយកគំរោង លោក ហ្វីលីព បានពិភាក្សាផ្ទាល់ជាមួយឯកឧត្តម អ៊ឹង អៀងថា សូមឱ្យកម្ពុជាជួយពិនិត្យឯកសារ នៃគំរោង INSSP (ជាគំរោងដែល IAEA ព្រៀងសំរាប់កម្ពុជាក្នុងការជួយដល់ CBRN ហើយដែលលេខាធិការដ្ឋាន គជបភ ធ្លាប់បានសហការផ្តល់យោបល់ជាមួយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៣ កន្លងមក) និង NAP (ជាគំរោងផែនការសកម្មភាព របស់កម្ពុជាដែលក្រុមការងារ CBRN Team បាន បញ្ចប់សេចក្តីព្រៀងក្នុងខែមិនាថ្មីៗនេះ) ថាតើនៅមានចន្លោះណាដែលមិនទាន់បានដាក់ចូលនោះ លោករីករាយនឹងបំពេញ កង្វះខាតសំរាប់កម្ពុជា ព្រោះកម្ពុជាកំពង់តែឈានមុខគេលើ ការងារ CBRN នេះ នៅក្នុងតំបន់។