សណ្ឋាគារសាន់វេ- ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ឯកឧត្តម អ៊ឹង អៀង បានទទួល ការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជាតំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដើម្បីចូលរួមប្រជុំជាមួយក្រុមការងារ CBRN ថ្នាក់ជាតិ ដើម្បីពិភាក្សាជាមួយ តំណាងរបស់គម្រោង Project 8 របស់ មជ្ឈមណ្ឌល Centre of Excellent របស់សហគមន៍អ៊ឺរ៉ុប ដែលគម្រោងមួយនេះផ្តោតលើការយកចិត្តទុកដាក់ លើការពិនិត្យទិដ្ឋភាពច្បាប់របស់កម្ពុជាដែលមានស្រាប់សម្រាប់បង្កើនប្រសិទ្ធិភាពនៃការអនុវត្តន៍ CBRN នៅកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពិធីបើកដោយនាយឧត្តមសេនីយ៍ ជ័យ សុន ប្រធានអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី និងតំណាងរបស់ Vertic របស់សហគមន៍អ៊ឺរ៉ុប និងមានការចូលរួមពីអ្នកជំនាញការច្បាប់របស់គម្រោង៨ ក៏ដូចជាសមាជិកនៃក្រុមការងារថ្នាក់ជាតិមកពីគ្រប់បណ្តារស្ថាប័នក្រសួងពាក់ព័ន្ធ របស់កម្ពុជាផងដែរ។
ជាលទ្ធផលចុងក្រោយ អ្នកជំនាញរបស់សហគមន៍អ៊ឺរ៉ុប និងតំណាងរបស់អង្គការ UNODC បានផ្តល់ អនុសាសន៍ក្នុងការកែរសម្រួលខ្លឹមសារបំពេញបន្ថែមលើច្បាប់ប្រឆាំងភេរវកម្មរបស់កម្ពុជា ច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម និងការផ្តល់អនុសាសន៍បន្ថែមនៃការពិចារណាលើការគ្រប់គ្រងទំនិញ ប្រើប្រាស់ទ្វេរមុខផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក កេ ដា នឹងបន្តការងារក្នុងការសម្របសម្រួល និងស្នើសុំមតិណែនាំ និងសុំការផ្តល់អនុសាសន៍ពីបណ្តារថ្នាក់ដឹកនាំនៃបណ្តារក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជាជាបន្តទៀត។