ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ នៅលេខាធិការដ្ឋាន គ.ជ.ប.ភ ទីតាំងទ័ពអាកាស ឯកឧត្តម អ៊ឹង អៀង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ និងជាសមាជិកលេខាធិការដ្ឋាន គ.ជ.ប.ភ បានចូលរួមសំណេះសំណាលជាមួយថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីទាំងអស់របស់នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា។ បន្ទាប់ពីស្តាប់នូវរបាយការណ៍សកម្មភាពការងារដែលអនុវត្តនាពេលកន្លងមករបស់លោក ប៉ឹល ច័ន្ទវីរៈ ជាប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យារួចមក ឯកឧត្តម អ៊ឹង អៀង បានសំដែងនូវការសាទរ ក៏ដូចជាការជម្រុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះនាយកដ្ឋានទាំងអស់ដែលបានដាក់ចិត្តដាក់កាយខិតខំប្រឹងប្រែងដោយមិនគិតពីពេលវេលា អនុវត្តការងាររហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយឯកឧត្តមក៏បានជម្រុញឲ្យបន្តការខិតខំប្រឹងប្រែងនេះជាបន្តទៀត ជាពិសេសមន្ត្រីដែលទើបតែប្រឡងជាប់ក្របខណ្ឌថ្មីៗត្រូវតែយកគំរូអនុវត្តតាមជំនាញរបស់ខ្លួន និងប្រតិបត្តិតាមកិច្ចការដែលថ្នាក់ដឹកនាំបានដាក់ឲ្យ។ ឯកឧត្តមក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងការលើកសរសើរនូវការអនុវត្តការងារនាពេលកន្លងមករបស់នាយកដ្ឋាន ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តីផងដែរ។ ទន្ទឹមនឹងនោះឯកឧត្តមក៏បានឆ្លើយតបទៅនឹងរបាយការណ៏និងបញ្ហាប្រឈមដែលកំពុងតែជួបប្រទះ ដោយបានផ្តល់អនុសាសន៍ណែនាំល្អៗយ៉ាងច្រើនសំដៅជម្រុញការអនុវត្តការងាររបស់នាយកដ្ឋាន និងជម្រុញឲ្យពង្រឹងសមត្ថភាពមន្ត្រីរបស់នាយកដ្ឋានទាំងអស់ដោយធ្វើយ៉ាងណាអាចបំពេញបាននូវរាល់តម្រូវការរបស់ថ្នាក់ដឹកនាំ និងសង្គមជាតិ។
ឯកឧត្តមក៏បានបន្ថែមទៀតថា ការិយាល័យចំណុះទាំងអស់ត្រូវកំណត់របបនៃការរាយការណ៍ ការបង្កើតផែនការ ការអនុវត្តការងារ និងការត្រួតពិនិត្យការងារ ដែលវាជារួបមន្តមួយជម្រុញឲ្យការងារដែលយើងកំពុងប្រតិបត្តិរឹតតែមានប្រសិទ្ធិភាព និងទទួលបានលទ្ធផលខ្ពស់។ ជាចុងក្រោយ ឯកឧត្តម បានផ្តល់អនុសាសន៍ ដ៏មានអត្ថន័យ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋាន លើចំណុចសំខាន់ៗជាច្រើនដូចជា គឺមន្រ្តីទាំងអស់គប្បីត្រូវមាន ភាពស្មោះត្រង់ស្រឡាញ់ការងារ និងការពង្រឹងសមត្ថភាពខ្លួនឯងដើម្បីទទួលបានជោគជ័យលើការងារ ទទួលភារៈកិច្ចទៅតាមជំនាញ បង្កើនសមត្ថភាពមន្ត្រីជំនាញផ្ទៃក្នុង និងក្រៅបន្ថែម ។
កិច្ចប្រជុំបានបញ្ចប់ទៅ ក្រោមបរិយាកាស រីករាយ ស្និទស្នាល និងប្រកបដោយផ្លែផ្កា។