ភ្នំពេញ៖ វគ្គសិក្សារយៈពេលខ្លីក្រោមប្រធានបទ “ការគ្រប់គ្រងព័ត៌មានក្នុងពេលមានវិបត្តិ (Crisis Information Management Program of Instruction) ក្រោមកិច្ចសហការរវាង លគជបភ និងស្ថានទូតសហរដ្ឋអាមេរិក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នៅលគជបភ ទីតាំងទ័ពអាកាស។ នៅក្នុងវគ្គសិក្សានោះមានការអញ្ជើញចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា៖ នាយកដ្ឋានចំណុះ លគជបភ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ នាឱកាសបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម អ៊ឹង អៀង តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងជាសមាជិក លគជបភ បានសម្តែងនូវការស្វាគមន៍ចំពោះលោក លោកស្រីដែលជាគ្រូឧទ្ទេសនាមទាំងអស់ ដែលបានអញ្ចើញមកពីសហរដ្ឋអាមេរិក ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីកម្ពុជា ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសហរដ្ឋអាមេរិក ដែលតែងតែផ្តល់ជំនួយដល់កម្ពុជាទាំងសម្ភារៈ និងធនធានមនុស្ស ជាពិសេសគឺ លគជបភ តែម្តង ហើយឯកឧត្តមក៏សង្ឃឹមផងដែរថា អាមេរិកនៅតែបន្តជួយបន្ថែមទៀតដល់កម្ពុជា។ ឯកឧត្តមបន្តទៀតថា ព័ត៌មានគឺជាធាតុដ៏សំខាន់មិនអាចខ្វះបានសម្រាប់យើងទាំងអស់គ្នា ជាពិសេសគឺសម្រាប់ការរស់នៅប្រចាំថ្ងៃតែម្តង កាលណាយើងមានតួនាទីកាន់តែសំខាន់ក្នុងសង្គមព័ត៌មានក៏ជាធាតុដ៏សំខាន់ផងដែរសម្រាប់យើង។ ដូច្នេះហើយការចែករំលែកព័ត៌មានពីស្ថាប័នមួយរបស់រដ្ឋាភិបាល ឬឯកជន ទៅដល់សាធារណៈជនគឺមានសារៈសំខាន់ណាស់ ប៉ុន្តែវាក៏ជាអាវុធមុខពីរផងដែរ ដែលវាអាចបង្ករឲ្យមានភាពចលាច័ល វ៉ឹកវរ បានយ៉ាងលឿន ប្រសិនបើយើងគ្រប់គ្រងវាមិនបានល្អ។ សម្រាប់វគ្គសិក្សានេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា ក្នុងការគ្រប់គ្រងព័ត៌មាន រៀបចំយុទ្ធសាស្រ្តនៃការបញ្ជូនព័ត៌មានទៅកាន់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព និងមានប្រយោជន៍ និងការរៀបចំផែនការនៃការចែករំលែកព័ត៌មាន។ ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យខិតខំប្រឹងប្រែងក្នុងការសិក្សា និងទទួលយកបទពិសោធន៍ល្អៗពីលោកគ្រូ អ្នកគ្រូ សំដៅយ៉ាងណាងយកចំណេះដឹងទាំងអស់នេះទៅបម្រើស្ថាប័នរបស់ខ្លួនវិញ។ ចំណែកលោកស្រី Roxanne ដែលជាតំណាងភាគីសហរដ្ឋអាមេរិកក៏បានសម្តែងនូវភាពសប្បាយរីករាយក្នុងការចូលរួមចំណែកបើកវគ្គបណ្តុះណ្តាលនេះ ហើយលោកស្រី និងក្រុមការងារនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការចែករំលែកបទពិសោធន៍ ជូនដល់សិក្ខាមទាំងអស់ ហើយលោកស្រីសង្ឃឹមយ៉ាងមុតមាំថា វគ្គនេះគឺពិតជាផ្តល់អត្ថប្រយោជន៍ និងជួយជម្រុញការងារប្រកបដោយប្រសិទ្ធិភាពដល់កម្ពុជាក្នុងការ គ្រប់គ្រង និងចែករំលែកព័ត៌មានទៅដល់សាធារណៈជន។ សូមបញ្ជាក់ផងដែរថា ក្នុងវគ្គបណ្តាលនេះក៏មានការចូលរួមធ្វើបទបង្ហាញពីសំណាក់លោក Sean J. McIntosh ជាអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។