ភ្នំពេញ៖ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នេះ នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃលេខាធិការដ្ឋាន គ.ជ.ប.ភ បានបើកការប្រជុំផ្ទៃក្នុងរបស់ខ្លួនក្រោមការដឹកនាំផ្ទាល់របស់ លោក ប៉ឹល ច័ន្ទវីរៈ ជាប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា និងដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញទទួលខុសត្រូវការិយាល័យចំណុះទាំង៤ ព្រមទាំងមន្ត្រីដែលជាសមាជិកជាច្រើនរូបទៀត នៅ ល.គ.ជ.ប.ភ ទីតាំងអគ្គស្នងការនគរបាលជាតិក្បាលថ្នល់ នាវេលាម៉ោង ០៨ និង ០០នាទីព្រឹក។
ក្នុងកិច្ចប្រជុំនេះផ្តោតទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
- ត្រួតពិនិត្យបូកសរុបទៅលើការងារអនុវត្តនាខែកន្លងទៅ និងរៀបចំផែនការថ្មីសម្រាប់ខែបន្ទាប់
– ជំរុញនិងការលើកទឹកចិត្តបន្ថែមទៀតទៅលើការអនុវត្តការងារ
– រៀបចំបង្កើត ក្រុមសរសេរព័ត៌មាន និងថតរូប
– សិក្សា និងធ្វើការរៀបចំបង្កើត App សម្រាប់យកព័ត៌មានដែលដំណើរការលើ Android, និង iOS
– ឆែកមើលឡើងវិញដែលពាក់ព័ន្ធជាមួយនឹងវ៉ិបសាយ ទាក់ទងទៅនឹងការ link ទៅកាន់វ៉ិបសាយរបស់រដ្ឋាភិបាល
– ត្រៀមរៀបចំការបង្កើតវគ្គបង្រៀនថ្មី ទាក់ទងទៅនឹងការពង្រឹងសមត្ថភាពទាក់ទងទៅនឹងការសរសេរព័ត៌មាន និងថតរូប
ក្នុងកិច្ចប្រជុំនោះបន្ទាប់ពីបានស្តាប់នូវការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញទទួលខុសត្រូវការិយាល័យចំណុះទាំង៤ដែលបានលើកឡើងពីបញ្ហា និងភាពលំបាកក្នុងការអនុវត្តន៍ការងាររបស់ខ្លួនកន្លងមក លោកប្រធាននាយកដ្ឋាន ក៏បានផ្តល់ជាអនុសាសន៏ណែនាំមួយចំនួនដល់មន្ត្រីជំនាញដែលចូលរួម និងផ្តល់ដំណោះស្រាយអំពីការងារមួយចំនួនដែលកំពុងជួបភាពអសកម្ម ព្រមទាំងស្នើសុំឲ្យថ្នាក់ដឹកនាំការិយាល័យទាំងអស់បន្តការខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀតសំដៅយ៉ាងណាសម្រេចឲ្យបាននូវរាល់ផែនការដែលបានកំណត់។ កិច្ចប្រជុំនេះបានបញ្ចប់នាវេលាម៉ោង០៩ និង៣០នាទី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕