ទីក្រុងភ្នំពេញ៖កាលពីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០១៤ ព្រឹកមិញនេះ លេខាធិការដ្ឋានគជបភបើកវគ្គហ្វឹកហ្វឺនដល់មន្រ្តីមកពីស្ថាប័នពាក់ពន្ធ័ដើម្បីប្រើប្រាស់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មកាន់ដៃ ដែលមានមន្រ្តីមកពីស្ថាប័នចូលរួមសរុបចំនួន ២០ រូប។
វគ្គសិក្សានេះជាផ្នែកមួយនៃការបង្កើនធនធានមនុស្សរបស់កម្ពុជា និងការបំពាក់ឧបករណ៍បន្ថែមដល់មន្រ្តីមកពីស្ថាប័នពាក់ពន្ធ័របស់កម្ពុជា (ដែលទទួលបានពីគំរោងសន្តិសុខកំពង់ផែរបស់សហរដ្ឋអាមេរិក និងសហគមន៍អុឺរ៉ុបមកដល់កម្ពុជាតាមរយៈលេខាធិការដ្ឋាន គជបភ) ដើម្បីបន្តគាំទ្រជំហរ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមជាមួយតំបន់ និងសកលលោក ក្នុងការទប់ស្កាត់ បង្ការ ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ័សារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរដោយខុសច្បាប់ ។
ក្នុងពិធីបើកវគ្គនេះផងដែរ ឯកឧត្តម អ៊ឹង អៀង ក្នុងនាមឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាន គជបភ បានលើកទឹកចិត្តដល់មន្រ្តីមកពីស្ថាប័នដែលពាក់ពន្ធ័ខិតខំយកចិត្តទុកដាក់ និងចែករំលែកចំណេះដឹងបន្តដល់មន្រ្តីរបស់ខ្លួនក្រោយការបញ្ចប់វគ្គនេះ ។ ឯកឧត្តមក៏លើកទឹកចិត្តដល់សិក្ខាកាមឱ្យបន្តពង្រីកបណ្តាញទំនាក់ទំនងគ្នាទាំងពេលកំពុងសិក្សា និងក្រោយពេលសិក្សាដើម្បីបង្កើនប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងគ្នានឹងគ្នា។
វគ្គសិក្សានេះនឹងបន្តរហូតដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៤ ។