ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៤ នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធនៃលេខាធិការដ្ឋាន គ.ជ.ប.ភ បានបើកកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែកក្កដា ក្រោមអធិបតីភាព លោក ស សិរីវិចិត្រ ប្រធាននាយកដ្ឋានការពារហេដ្ឋានរចនាសម្ព័ន្ធ លោកអនុប្រធាននាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ និងមានការចូលរួមពីអស់លោកជាប្រធាន.អនុប្រធានការិយាល័យ និងមន្រ្តីនៃនាយកដ្ឋានទាំងអស់។
ជាកិច្ចចាប់ផ្តើម លោកប្រធាននាយកដ្ឋានបានមានមតិស្វាគមន៍ដល់អង្គប្រជុំ និងដាក់របៀបវារៈសំខាន់ៗដើម្បីផ្តល់លទ្ធភាពជួនការិយាល័យនីមួយៗ រាយការណ៍ពីលទ្ធផលការងារក្នុងខែកន្លងមក និងដាក់ទិសដៅអនុវត្តន៍បន្តជូនអង្គប្រជុំ ។ ក្នុងនោះ លោកប្រធានការិយាល័យការពារហេដ្ឋារចនាសម្ព័ន្ធទី១ ទី២ ទី៣ បានរាយការណ៍អំពីការងារសរសេរសេនារីយ៉ូ បានបញ្ចប់ជាស្ថាពរ និងបន្តស្រាវជ្រាវពីសកម្មភាព ឬព័ត៌មានពាក់ព័ន្ធនិងភេវរកម្ម ដែលយោងតាមស្មារតីនៃអង្គប្រជុំប្រចាំខែកាលពីខែមិថុនា ដែលកំណត់អោយការិយាល័យនីមួយៗ ធ្វើការសិក្សាស្រាវជ្រាវបន្ថែមពីប្រវត្តិ និងសកម្មភាពភេវរកម្មនានាក្នុងពិភពលោក មកបង្ហាញក្នុងអង្គប្រជុំជារៀងរាល់សប្តាហ៍ ដើម្បីជាចំណេះដឹងនិងការស្គាល់កាន់តែច្បាស់ពីការវិវត្តន៍របស់ក្រុមភេវរកម្ម។ លោក យឹម សុខឡេង ប្រធានការិយាល័យការពារហេដ្ឋារចនាសម្ព័ន្ធទី១ បានលើកឡើងថាៈ ការិយាល័យរបស់លោកកំពុងធ្វើការស្រាវជ្រាវលើក្រុមភេវរកម្មឥស្លាមនិយម GI និងកំពុងបកស្រាយឯកសារជាភាសាខ្មែរដើម្បីរៀបចំជាស្លាយបង្ហាញជូនអង្គប្រជុំខែក្រោយ ។ ចំណែកការិយាល័យហេដ្ឋារចនាសម្ព័ន្ធទី២ និងទី៣ ក៏កំពុងធ្វើការស្រាវជ្រាវលើក្រុមភេវរកម្មផ្សេងៗដើម្បីរៀបចំជាឯកសារធ្វើបទបង្ហាញជូនអង្គប្រជុំផងដែរ។ ស្របគ្នានេះដែរ លោក ឈុន សុជាតិ អនុប្រធាននាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ បានជូនជាយោបល់ដល់អង្គប្រជុំ អំពីកិច្ចការនេះដោយបញ្ជាក់ថា៖ ចំពោះការស្រាវជ្រាវលើប្រធានបទផ្សេងៗពាក់ព័ន្ធនិងភេវរកម្មរបស់ការិយាល័យនីមួយៗគឺពុំចាំបាច់មានការឆ្លងយោបល់របស់លោកប្រធាននាយកដ្ឋាន ឬអនុប្រធាននាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធនោះទេគឺឯកសារដែលបានស្រាវជ្រាវរួចអាចយកមកធ្វើបទបង្ហាញជូនអង្គប្រជុំតែម្តង។
ចុងបញ្ចប់លោកប្រធាននាយកដ្ឋាន បានកំណត់អោយការិយាល័យទាំងអស់របស់នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធរៀបចំការប្រជុំប្រចាំសប្តាហ៍តាមការិយាល័យនីមួយៗ និងធ្វើរបាយការណ៍ដាក់ជូនលោកដើម្បីត្រួតពិនិត្យតាមដានសកម្មភាព និងរាយការណ៍បន្តជូនដល់ថ្នាក់ដឹកនាំ។ ក្រៅពីនេះលោកប្រធានបានសរសើរចំពោះការសរសេរសេនារីយ៉ូកន្លងមកថាមានលក្ខណៈល្អប្រសើរ និងជំរុញដល់មន្រ្តីក្រោមឱវាទខិតខំសិក្សាពីសៀវភៅផែនការជាតិបន្ថែមទៀត។ ដោយឡែក ពាក់ព័ន្ធនឹងសកម្មភាពសន្តិសុខនយោបាយ លោកប្រធានបានស្នើរដល់មន្ត្រីទាំងអស់ធ្វើការរាយការណ័ជាបន្ទាន់ ប្រសិនបើបានដឹង ឬបានឃើញសកម្មភាពប្រមូលផ្តុំមិនប្រក្រតីណាមួយរបស់ក្រុមបាតុករ ដើម្បីធ្វើការចាត់វិធានការទប់ស្កាត់ និងបង្ការបញ្ហាប្រឈមផ្សេងៗដោយថាហេតុ ។ កិច្ចប្រជុំបានបញ្ចប់ទៅនៅវេលាម៉ោង ១០ និង៣០នាទីព្រឹក ក្រោមបរិយាកាសរីករាយ និងស្និតស្នាលបំផុត៕