ភ្នំពេញ៖ ជាធម្មតារៀងរាល់ខែនីមួយៗ នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធតែងតែរៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួនជានិច្ច ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង ០៩ និង០០នាទី ព្រឹក នាយកដ្ឋានបានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព លោក ស សេរីវិចិត្រ ប្រធាននាយកដ្ឋាន, លោក ឈុន សុជាតិ អនុប្រធាននាយកដ្ឋាន និងមានការអញ្ជើញចូលរួមពីអស់លោកប្រធាន/អនុប្រធានការិយាល័យ មន្ត្រី បុគ្គលិកទាំងអស់ផងដែរ។
បន្ទាប់ពីមានមតិស្វាគមន៍ បើកអង្គប្រជុំរបស់លោកប្រធាននាយកដ្ឋានរួចមក ការិយាល័យនីមួយៗបានរាយការណ៍ពីលទ្ធផលការងារប្រចាំខែកន្លងមក និងទិសដៅការងារនាខែបន្ទាប់ជូនអង្គប្រជុំដូចជា៖ ការិយាល័យការពារហេដ្ឋារចនាសម្ព័ន្ធទី១,២ បានធ្វើការនិងសិក្សាស្រាវជ្រាវពាក់ព័ន្ធនិងប្រវត្តិ ក៏ដូចជាសកម្មភាពនានារបស់ក្រុមភេរវកម្ម ហើយបានរៀបចំឯកសារធ្វើបទបង្ហាញបានរួចរាល់ រីឯការិយាល័យទី៣ និងការិយាល័យសមយុទ្ធការសិក្សាស្រាវជ្រាវ និងបញ្ចប់នាសប្តាហ៍ក្រោយ។ ពាក់ព័ន្ធនិងការសិក្សាស្រាវជ្រាវនេះលោក ង៉ោ វីរ៉ាវុធ អនុប្រធានការិយាល័យទី១ បានលើកយកប្រវត្តិរបស់ក្រុមឥស្លាមនិយម JI ធ្វើបទបង្ហាញគឺ៖ JI(Jemaah Islamiah) ត្រូវបានបង្កើតជាផ្លូវការនាថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៣ ដឹកនាំដោយលោក Abu Bakar Bashir និង Abdullah Sungkar មានទីតាំងក្នុងប្រទេសម៉ាឡេស៊ី ក្រុមនេះមានទំនាក់ទំនងជាមួយក្រុមអាល់កៃដារបស់អូសាម៉ាប៊ីនឡាដិន។ JI ត្រូវបានក្រសួងការបរទេសសហរដ្ឋអាមេរិកដាក់បញ្ជូលជាអង្គការភេរវកម្មអន្តរជាតិ បន្ទាប់ពីវាបានធ្វើការវាយប្រហារបំផ្ទុះគ្រាប់បែកនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០០២ ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន២០០២នាក់ និង៣០០នាក់ទៀតរងរបួស និងការវាយប្រហារជាច្រើនទៀតក្នុងពិភពលោក។ ដោយឡែក លោក ប៊ុន ហេង ប្រធានការិយាល័យទី២ បានធ្វើបទបង្ហាញពីក្រុមឧក្រិដ្ឋជនធំៗ ដែលធ្វើសកម្មភាពឧក្រិដ្ឋកម្រិតធ្ងន់ធ្ងរដូចជា៖ ការលាងលុយកខ្វក់, ការគម្រាមគំហែងយកប្រាក់ ការចាប់ជម្រិតមនុស្សទារប្រាក់ ការជួញដូរមនុស្ស គ្រឿងញៀន និងអាវុធ ការចោលកាកសំណល់ពុលខុសច្បាប់ អំពើពុករលួយក្នុងវិស័យនយោបាយ ការប្លន់ ការបន្លំឯកសារ………។ល។ ដែលមានក្រុមធំៗចំនួន០៤គឺ៖
១.ក្រុម Camorra មានមូលដ្ឋានក្នុងតំបន់ Campanian នៃប្រទេសអ៊ីតាលី។ មេដឹកនាំក្រុមនេះឈ្មោះ Casalesi Clan ត្រូវបានរដ្ឋាភិបាលអ៊ីតាលីចាប់ដាក់គុកក៏ដោយ គឺនៅតែបន្តដឹកនាំពីក្រោយខ្នងដ៏ដែល។
២.ក្រុម MS-13 Transnation ដឹកនាំដោយឈ្មោះ Janny Judith Corado ជាក្រុមអន្ធពាលដ៏ធំមានមូលដ្ឋានក្នុងប្រទេស Elsalvador។
៣.ក្រុម YAKUZA និងបក្សសម្ព័ន្ធរបស់វារួមទាំង Kudo-Kai ជាក្រុមដែលប្រព្រឹត្តអំពើឧក្រិដ្ឋដ៏ឃោឃៅបំផុតមានមូលដ្ឋាននៅ Fukuoka ប្រទេសជប៉ុន ដែលមានសមាជិក ៩៥០នាក់ និងដៃគូសហការជាច្រើនទៀត។
៤.ក្រុម Brother’s Circle ជាក្រុមឧក្រិដ្ឋកម្មជនជាតិភាគតិចចម្រុះ បានតាំងមូលដ្ឋានក្នុងបណ្តាប្រទេសអតីតសហភាពសូវៀតជាច្រើន តែធ្វើប្រតិបត្តិការនៅសហគមន៍អ៊ឺរ៉ុប មជ្ឍឹមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន។
ក្រោយការធ្វើបទបង្ហាញបានបញ្ចប់ លោក ឈុន សុជាតិ បានថ្លែងការកោតសរសើរខ្ពស់ដល់មន្ត្រីទាំងអស់ដែលបានខិតខំចំណាយពេលវេលាស្រាវជ្រាវលើប្រធានបទនីមួយៗរបស់ខ្លួន ដើម្បីចែករំលែកជាចំណេះដឹង និងបទពិសោធល្អទាំងអស់គ្នា ព្រោះការស្រាវជ្រាវនេះមិនបានប៉ះពាល់ដល់នាយកដ្ឋាន ផ្សេងឡើយ ព្រោះវាគ្រាន់តែជាការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងភេរវកម្មប៉ុណ្ណោះ (បើយើងធ្វើការនៅក្នុងស្ថាប័នប្រឆាំងភេរវកម្ម ហើយមិនស្គាល់អ្វីជាភេរវកម្ម ឬក្រុមភេរវកម្មទើបជារឿងខុសឆ្គង)។
បន្ថែមពីលើនេះដែរ លោកប្រធាននាយកដ្ឋាន បានជំរុញលើកទឹកចិត្តអោយមានការស្រាវជ្រាវបន្តទៀតព្រោះវាជាចំណេះដឹងទូលំទូលាយដែលអាចអោយយើងចែករំលែកពីគ្នាទៅវិញទៅមក។ ក្នុងឱកាសនោះដែរលោកប្រធាន បានប្រកាសជូនដំណឹងដល់មន្ត្រីទាំងអស់ចូលរួមសិក្សាសិក្ខាសាលាស្តីពី សៀវភៅផែនការជាតិដែលមានរយៈពេល៣ខែ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នេះតទៅ៕




