ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលមួយស្តីពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ត្រូវបានរៀបចំឡើងនៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ស្ថិតក្នុងមូលដ្ឋានកងទ័ពការពារអាកាសពោធិ៍ចិនតុងដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ ១៨ ខែ សីហា ឆ្នាំ២០១៤ កន្លងមកនេះ។ ជាក់ស្តែងវគ្គបណ្តុះបណ្តាលគិតមកដល់ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៤ នេះបានឈានចូលដល់សប្តាហ៍ទី២ និងបានឆ្លងកាត់បទឧទេសនាមនិងបង្ហាត់បង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម នាន និងមានការអញ្ជើញចូលរួមពីលោកប្រធាន/អនុប្រធាននាយកដ្ឋាន, លោកប្រធាន/អនុប្រធានការិយាល័យ និងមន្រ្តី បុគ្គលិក នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មជាច្រើននាក់ផងដែរ។
ក្នុងថ្ងៃនេះការសិក្សាបានឈានដល់ជំពូកទី២ ស្តីពីការទទួលខុសត្រូវ និងមុខនាទី របស់គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងលេខាធិការដ្ឋាននៃគ.ជ.ប.ភ ដែលមាននាយកដ្ឋានចំនួនប្រាំរួមមានៈ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ(DAF), នាយកដ្ឋានពត៌មានបច្ចេកវិទ្យា(DIT), នាយកដ្ឋានចារកម្ម និងស៊ើបអង្កេត(DII), នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ(DIP), និងនាយកដ្ឋានពិសេស(SD) គឺដើម្បីធ្វើអោយការបំពេញការងាររបស់នាយកដ្ឋាននីមួយៗមានភាពរលូន ច្បាស់លាស់, ចេះបែងចែកការងារ តួនាទីរបស់ខ្លួនតាមមុខជំនាញនីមួយៗ ចៀសវាងការដាក់បន្ទុកលើគ្នាទៅវិញទៅមក, កាត់បន្ថយការកកស្ទះការងារ ជាពិសេសគឺការមានទំនួលខុសត្រូវខ្ពស់ បង្កើនការសហការល្អ និងប្រសិទ្ធិភាពខ្ពស់ក្នុងការងារ ។ល។
សូមបញ្ជាក់៖ ការសិក្សាវគ្គបណ្តុះបណ្តាលនេះ នឹងបន្តការបណ្តុះបណ្តាល រហួតបញ្ចប់ជាស្ថាពរ ក្នុងរយះពេលគ្រោងទុកចំនួន០៣ខែ ដោយសិក្សា០២ថ្ងៃក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃ ពុធ និង ថ្ងៃ សុក្រ ៕