ទីក្រុងសៀងហៃប្រទេសចិន៖ កាលពីថ្ងៃទី២៦-២៩ខែសីហាឆ្នាំ២០១៤កន្លងទៅនេះ ឯកឧត្តម អ៊ឹងអៀង បានទទួលការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជា តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងក្នុងនាមជាប្រធានក្រុម ការងារបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មនៃគម្រោងសន្តិសុខកំពង់ផែ ដើម្បីរួមដំណើរជាមួយ លោក ប៊ុន ជីវ ប្រធានរដ្ឋបាលនៃសាខាគយប្រចាំនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ចូលរួមសិក្ខាសាលាស្តីពីវិធានការក្នុងការរាវរក និងការឆ្លើយតបនឹងការដឹកជញ្ជូនសារធាតុ វិទ្យុសកម្មក្រៅក្របខណ្ឌគ្រប់គ្រងរបស់ច្បាប់ នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលរៀបចំ ឡើងដោយទីភ្នាក់ងារថាមពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ និងទីភ្នា់កងារ ថាមពលនុយក្លេអ៊ែររបស់ប្រទេសចិន។
ក្នុងសិក្ខាសាលានេះ តំណាងមកពីប្រទេសនានារួមមាន កម្ពុជា ចិន ថៃ ម៊ិចសិក ឥណ្ឌា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កួឡំប៊ី UNODC, IAEA, DoE និងថៃ បានចែករំលែកនូវបទពិសោធន៍នៃការ អនុវត្តន៍ចំពោះគម្រោងសន្តិសុខកំពង់ផែនៃបណ្តារប្រទេសរបស់ខ្លួន និងបញ្ហាប្រឈមនានា ផងដែរ ។ ក្រៅពីនេះតំណាងសិក្ខាកាមតំណាងក្រសួងគយរបស់ប្រទេសបានចែករំលែក ពីការបង្កើនធនធានគយរបស់ខ្លួនតាមរយៈការបណ្តុះបណ្តាលជំនាញនៃការប្រើប្រាស់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មនៅបណ្ឌិតសភាគយរបស់ខ្លួនផងដែរ។
នៅថ្ងៃចុងក្រោយសិក្ខាកាមបានទៅទស្សនកិច្ចទីតាំងកំពង់ផែ យ៉ាងសាងនៅសៀងហៃ ដែលបានបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម RPMs នេះចំនួន ១៧ គូរ ហើយដែលកំពុងអនុវត្តន៍ និងក៏មានគម្រោងបំពាក់បន្ញែមទៀតផងដែរ។ កំពង់ផែនេះមានកម្មភាពប្រមាណ ៤០% នៃទំហំទំនិញនាំចេញនាំចូលរបស់ទីក្រុងសៀងហៃ នេះទាំងមូល ដែលជាមធ្យមមានទូរទំនិញនាំចេញប្រមាណ ១០០០០ទូរ ជារៀងរាល់ថ្ងៃ ដោយមិនគិតពីការលើកដាក់ទំនិញនាំចូលទេ។