ឃុំអ៊ីស្រ្ពា ប្រទេសអ៊ីតាលី៖ ក្នុងអំឡុងថ្ងៃទី៨-១២ ខែកញ្ញា ឆ្នាំ២០១៤ នេះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងក្នុងនាមជាប្រធានក្រុមការងារសម្របសម្រួលបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មនៃគម្រោងសន្តិសុខកំពង់ផែ បានសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបញ្ជូនមន្រ្តីគយចំនួន ០២ រូប ដែលប្រចាំការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ សរុបចំនួន ០៧ ប្រទេស (កម្ពុជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី សឹង្ហបូរី ថៃ និងកោះតៃវ៉ាន់) ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការអនុវត្តន៍ និងដំណើរការប្រកបដោយសុខដុមនីយកម្មលើម៉ាស៊ីនរាវរកសារធាតុវិទ្យុសកម្មដែលបានបំពាក់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមគម្រោងជំនួយបំពាក់ និងបណ្តុះបណ្តាលរបស់ក្រសួងថាមពលសហរដ្ឋអាមេរិកនាពេលកន្លងមក។
ការផ្លាស់ប្តូរបទពិសោធន៍ប្រចាំឆ្នាំនេះ ជាគម្រោងដែលមានការគាំទ្រពី JRC របស់ សហគមន៍អ៊ឺរ៉ុប ហើយឆ្នាំនេះជាលើកទី ៣ ហើយដែលកម្ពុជាបានបញ្ជូនមន្រ្តីទៅចូលរួមប្រកបដោយជោគជ័យ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងបណ្តាប្រទេសមួយចំនួននៅទ្វីបអ៊ឹរ៉ុបផងដែរ។ កម្ពុជាតែងតែត្រូវបានបណ្តាភាគីដៃគូរកោតសរសើរពីដំណើរការអនុវត្តន៍របស់ខ្លួនលើគម្រោង ជាបន្តបន្ទាប់ ទាំងការសម្របសម្រួល និងការអនុវត្តន៍ប្រកបដោយសុខដុមនីយកម្មរវាងស្ថាប័នពាក់ព័ន្ធ ៕